(ភ្នំពេញ)៖ គណបក្សឯកភាពជាតិខ្មែរ នៅល្ងាចថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញញត្តិគាំទ្រចំពោះការអនុម័តរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលបដិសេធលើការចុះបញ្ជីដល់ គណបក្សភ្លើងទៀន សម្រាប់បោះឆ្នោតតំណាងរាស្រ្ត អាណត្តិទី៧ ដោយសារតែគណបក្សនេះ មិនបំពេញឱ្យគ្រប់លក្ខខណ្ឌច្បាប់។
គណបក្សឯកភាពជាតិខ្មែរ បានបញ្ជាក់ដូច្នេះថា៖ «យោងតាមទម្រង់បែបបទ១០០៨ ស្តីពីការដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជី បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣។ ដើម្បីទទួលបានសិទ្ធស្របច្បាប់ គ្រប់គណបក្សនយោបាយនីមួយៗត្រូវបំពេញតាមលក្ខណ្ឌទាំង១០ ដែលគណៈកម្មការជាតិរៀបចំការបោះឆ្នោតតម្រូវ។ ប៉ុន្តែគណបក្សភ្លើងទៀន មិនបានបំពេញតាមលក្ខ័ណ្ឌរបស់គណៈកម្មការជាតិរៀបចំការបោះឆ្នោតនោះឡើយ។
គណបក្សឯកភាពជាតិខ្មែរ សូមប្រកាសគាំទ្រទាំងស្រុងនូវសេចក្តីសម្រេចរបស់គណៈកម្មការជាតិរៀបចំការបោះឆ្នោត ដែលបដិសេធចោលនូវការចុះបញ្ជីរបស់គណបក្សភ្លើងទៀន។ គណបក្សឯកភាពជាតិខ្មែរយល់ឃើញថា គ្រប់គណបក្សនយោបាយទាំងអស់ មិនថាបក្សតូច ឬ បក្សធំត្រូវគោរពតាម គោលការច្បាប់របស់គណៈកម្មការជាតិរៀបចំការបោះឆ្នោត។ ប៉ុន្តែផ្ទុយមកវិញ គណបក្សភ្លើងទៀនមិនគោរពតាមតម្រូវការ របស់គណៈកម្មការរៀបចំការបោះឆ្នោត ហើយថែមទាំងចេញលិខិតប្រមូលផ្តុំសកម្មជន និង ថ្នាក់ដឹកនាំបក្សគ្រប់ខេត្តក្រុង ដើម្បីត្រៀមតវ៉ា និងបង្កបញ្ហាលើបញ្ហា។
មូលហេតុនេះហើយ គណបក្សឯកភាពជាតិខ្មែរសូមគាំទ្រទាំងស្រុង នូវការសម្រេចចិត្តរបស់គណៈកម្មការជាតិរៀបចំការ បោះឆ្នោត។ និង សូមថ្កោលទោសថ្នាក់ដឹកនាំគណបក្សភ្លើងទៀនដែលមិនគោរពច្បាប់ ហើយបានត្រៀមយកសកម្មកជន និង អ្នកគាំទ្រមកប្រឈមជាមួយផ្លូវច្បាប់ និង ប្រឈមជាមួយនឹងអាជ្ញាធរដដែលជាដដែល»។
សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចបដិសេធតែម្តងទៅលើការចុះបញ្ជីរបស់គណបក្សភ្លើងទៀនឈរឈ្មោះបោះឆ្នោតតំណាងរាស្រ្ត អាណត្តិទី៧ ដោយសារគណបក្សនេះ មិនបានបំពេញគ្រប់លក្ខខណ្ឌ និងមិនបានភ្ជាប់មកជាមួយនូវប្រកាស ក្នុងការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម។ គ.ជ.ប បានអះអាងថា គណបក្សភ្លើងទៀន ពុំបានបំពេញនូវចំណុចខ្វះខាតរបស់ខ្លួននោះទេ។
ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ មានរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ខែមេសា ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ ក្នុងនោះមានគណបក្សនយោបាយចំនួន២០ បានដាក់ពាក្យសុំចុះបញ្ជី។ គណបក្សភ្លើងទៀន បានដាក់ពាក្យសុំចុះបញ្ជីគណបក្សឈរឈ្មោះ នៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃអាទិត្យ ទី០៧ ខែឧសភា ឆ្នាំ២០២៣ ពោលគឺមួួយថ្ងៃមុនការបិទការស្នើសុំចុះឈ្មោះ។ នៅពេលពិនិត្យបញ្ជីឈ្មោះគណបក្សនេះ គ.ជ.ប ក៏រកឃើញថា កំហុសផងដែរ នោះគឺបេក្ខជនពេញសិទ្ធិលេខរៀងទី១ មណ្ឌលខេត្តកណ្តាល ឈ្មោះ រ៉ុង ឈុន ភេទប្រុស កើតថ្ងៃទី១៥ ខែកក្កដា ឆ្នាំ១៩៦៩ ត្រូវបានតុលាការផ្តន្ទាទោសពីបទមជ្ឈឹម ហើយដែលមិនទាន់មាននីតិសម្បទាឡើងវិញ ដែលចំណុចនេះ ត្រូវបានកំណត់នៅក្នុងច្បាប់។
គិតត្រឹមថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ គ.ជ.ប បានសម្រេចអនុម័តចុះបញ្ជីដល់គណបក្សសរុបចំនួន១៨ ដែលបានដាក់ឯកសារគ្រប់គ្រាន់ និងត្រឹមត្រូវស្របតាមលក្ខខណ្ឌកំណត់នៃច្បាប់៕