(កណ្ដាល)៖ លោក ស៊ូ បញ្ញា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានចេញដីកាឃុំខ្លួនជនជាតិប៊ុលការីចំនួន៣នាក់ ដាក់ពន្ធនាគារ ក្រោយធ្វើសកម្មភាពគាស់ទូ ATM របស់ធនាគារឯកជនមួយ នៅស្រុកអង្គស្នួលទាំងយប់។
ជនជាតិបរទេសទាំង៣នាក់នេះ ត្រូវបានលោក ហោ លីណា តំណាងអយ្យការសម្រេចចោទប្រកាន់ពីបទ «ប៉ុនប៉ងលួច» តាមមាត្រា៣៥៣, មាត្រា៣៥៦ និងមាត្រា៣៦១ នៃក្រមព្រហ្មទណ្ឌ។ ជនត្រូវចោទទាំងនេះ បានធ្វើសកម្មភាពគាស់ទូ ATM របស់ធនាគារឯកជនមួយកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ២២៖៥០នាទី នៅចំណុចមុខរោងចក្រសាន់បេស ភូមិអង្គស្នួលទី១ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។
ទាំងលោក សូ សារិន អ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាល និងលោក ខា ដែនណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្ត បានបញ្ជាក់មកកាន់អ្នកយកព័ត៌មាន Fresh News ប្រចាំខេត្តកណ្ដាលនៅល្ងាចថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ថា បទល្មើសប្រឆាំងនឹងទ្រព្យសម្បត្តិមាត្រា ៣៥៣ចែងថា «អំពើលួច គឺជាអំពើដកហូតដោយទុច្ចរិត នូវទ្រព្យសម្បត្តិ ឬវត្ថុផ្សេងទៀតរបស់អ្នកដទៃ តាមគ្រប់មធ្យោបាយក្នុងគោលបំណងយកមកធ្វើជាទ្រព្យ សម្បត្តិរបស់ខ្លួន»។
មាត្រា៣៥៦ចែងថា «អំពើលួចត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារចាប់ពី ៦ខែ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់១លានរៀលទៅ៦លានរៀល»។ មាត្រា៣៦១ចែងថា «ការប៉ុនប៉ងក្នុងបទមជ្ឈិមដែលមានចែងក្នុងផ្នែកនេះ ត្រូវផ្ដន្ទាទោស ដូចគ្នា និងបទមជ្ឈិមខាងលើដែរ»។
យោងតាមរបាយការណ៍របស់នគរបាលឲ្យដឹងថា ជនសង្ស័យទាំង៣នាក់រួមមាន៖
*ទី១៖ ឈ្មោះ NIKOLAEV IVELIN DIMITROV អាយុ៤២ឆ្នាំ
*ទី២៖ ឈ្មោះ TZVETANOV NIKOLAY ANDREEV អាយុ៣២ឆ្នាំ
*ទី៣៖ ឈ្មោះ TSVETKOV ALEKSANDAR GEORGIVE អាយុ២៣ឆ្នាំ។
ពួកគេទាំង៣នាក់ បានគាស់ទូ ATM នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣។ លុះដល់វេលាម៉ោង ២២៖២០នាទីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ពើក សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុក បានចេញល្បាតក្នុងភូមិសាស្ត្រ ស្រាប់តែឃើញជនសង្ស័យទាំង៣នាក់ ជិះរថយន្តម៉ាកព្រូស ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BN-6061 បើកបរដោយជនបរទេសម្នាក់ មកចតនៅចិញ្ចើមផ្លូវជាតិលេខ៤ ខាងលិចផ្សារអង្គស្នួល រួចជនសង្ស័យ២នាក់ បានចុះដើរសំដៅទៅកន្លែងទូ ATM។
ដោយមានការសង្ស័យកម្លាំងសមត្ថកិច្ចបានធ្វើការនាំខ្លួនជនសង្ស័យទាំង៣នាក់ មកកាន់អធិការដ្ឋាននគរបាលស្រុក និងពិនិត្យផ្ទៀងផ្ទាត់ភិនភាគជាមួយកាមេរ៉ាសុវត្ថិភាព គឺជាជនសង្ស័យដែលបានយកប្រាយបាញ់កាមេរ៉ា និងគាស់ទូ ATM។
រហូតដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១៦៖០៥នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងទទួលផែន និងកម្លាំងផ្នែកជំនាញ ស្រុកអង្គស្នួល បានសហការជាមួយកម្លាំងសង្កាត់បឹងទំពុនទី១ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមេភូមិចំរើនផលទី១ បានចូលឆែកឆេរទីតាំងជនសង្ស័យស្នាក់នៅក្នុងសណ្ឋាគារ La Belle Resident Hotel ជាន់ទី២ បន្ទប់លេខ២០២ ដោយនាំខ្លួនយកសាកសួរ ហើយជនទាំង៣នាក់ បានសារភាព ហើយក៏បញ្ជូនខ្លួនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕