(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដំណើរការបើកចែកអាវភ្លៀង អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់យោធិនចំណុះអង្គភាពបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលពិធីនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤។
ឧត្តមសេនីយ៍ទោ សោម ស៊ុន តំណាងឱ្យនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងនាមជាអគ្គភស្តុភារជាន់ខ្ពស់ នៃកងកម្លាំងប្រដាប់អាវុធជាតិកម្ពុជា ដែលជានិច្ចកាលសម្ដេចទាំងទ្វេ តែងតែយកចិត្តទុកដាក់គ្រប់បែបយ៉ាងអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់កងកម្លាំង ប្រដាប់អាវុធ ពិសេសក្នុងរដូវរងាសម្ដេចបានផ្ដល់អាវរងា និងក្នុងរដូវភ្លៀងសម្ដេចទាំងទ្វេបានផ្ដល់អាវភ្លៀង ដើម្បីយោធិននិងក្រុមគ្រួសារសម្រាបប្រើប្រាស់ជារៀងរាល់ឆ្នាំផងដែរ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានក្រើនរំលឹកដល់យោធិនទាំងអស់ ត្រូវតែស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតដោយប្រជាជន ហើយត្រូវប្តេជ្ញាចិត្ត ដាច់ខាតក្នុងការការពារសុខសន្តិភាព ដែលយើងកំពុងមានដូចសព្វថ្ងៃនេះឱ្យនៅគង់វង្សជារៀងរហូត ដើម្បីប្រទេសជាតិយើងបន្តអភិវឌ្ឍន៍ឲ្យមានការរីកចម្រើនរុងរឿងបន្ថែមទៀត។
ជាមួយនេះគ្នា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអំពាវនាវដល់យោធិនទាំងអស់ និងក្រុមគ្រួសារ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតរួចហើយ ត្រូវបំពេញកាតព្វកិច្ចជាពលរដ្ឋល្អអញ្ជើញទៅបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះឲ្យបានគ្រប់ៗគ្នាកុំបីខានឡើយ។
នៅក្នុងឱកាសនេះ នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះបេក្ខភាពសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៅអាណត្តិទី៧ នៃរាជរដ្ឋាភិបាលថ្មី និងគាំទ្រយ៉ាងឱឡារិកនូវបេក្ខភាពបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេននាពេលអនាគត៕