(ភ្នំពេញ)៖ ក្រោយពីមហាយក្សចិន ចាញ់ក្ដីជម្លោះសមុទ្រចិនខាងត្បូងជាមួយហ្វីលីពីន នាពេលថ្មីៗនេះ រួចមកភាពតានតឹងក៏នៅតែ កើតដដែល ដោយភាគីខាងចិនមិនព្រមធ្វើតាមសេចក្ដីសម្រេច របស់តុលាការក្រុងឡាអេឡើយ ដែលប្រធានបទដ៏រសើបមួយនេះ បានធ្វើឱ្យពិភពលោក ក៏ដូចជាប្រទេសក្នុងអាស៊ាន កំពុងមានភាពចម្រូងសម្រាស់ជាខ្លាំង តែទោះជាយ៉ាងណា បញ្ហាដ៏ក្ដៅកគុកមួយនេះ មិនបានធ្វើឱ្យការប៉ះពាល់ដល់កំណើនភ្ញៀវទេសចរចិន មកទស្សនាកម្ពុជា ដែលកំពុងមានកើនឡើងនោះទេ។ នេះបើតាមលោក ទិត ចន្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ ដែលប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦នេះ។
លោក ទិត ចន្ថា បានឱ្យដឹងថា កំណើនភ្ញៀវទេសចរចិន កំពុងមានការកើនឡើង ថ្វីត្បិតតែបញ្ហាសមុទ្រខាងត្បូងកំពុងកើតមានប៉ុន្តែវា មិនមានការពាក់ព័ន្ធនឹងគ្នានោះទេ ព្រោះកម្ពុជា-ចិន កំពុងមានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា ហើយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ក្រសួងទេសចរណ៍ បាននិងកំពុងជំរុញទំនាក់ទំនងនានា ផ្តោតលើការពង្រីកកំណើនវិស័យទេសចរណ៍ ឱ្យមានភាពល្អប្រសើររីកចម្រើន ទៅមុខ។
តាមរបាយការណ៍របស់ក្រសួងទេសចរណ៍ បានបង្ហាញថា រយៈពេលជិត១ឆមាស ដើមឆ្នាំ២០១៦ ចាប់ពីខែមករាដល់ខែឧសភា កំណើនភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា មានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលមានចំនួន៣២៥,២០៦នាក់ កើនឡើង ១២.៣ភាគរយ បើធៀបនឹងរយៈពេល៥ខែដូចគ្នា នៅឆ្នាំ២០១៥ ហើយឈរលើលំដាប់ថ្នាក់ទី២ បន្ទាប់ពីភ្ញៀវទេចរវៀតណាម។
លទ្ធផលដ៏ល្អប្រសើរនេះ លោក ទិត ចន្ថា បានបញ្ជាក់ថា «មានកក្តាជាច្រើនដែលរាជរដ្ឋាភិបាលកម្ពុជា បានរៀបចំទំនាក់ទំនងនេះ រួមមាន៖ ទី១.កម្ពុជាបានតភ្ជាប់ការហោះហើរត្រង់ជាមួយប្រទេសចិន តាមទីក្រុងធំៗ និងខេត្តនានា, ទី២.ចំនួនភ្ញៀវទេសចិនដែលចេញ ដើរកម្សាន្តទៅពិភពលោកមានចំនួនរាប់ពាន់នាក់ ក្នុង១ឆ្នាំៗ ហើយកម្ពុជា-ចិនជាប្រទេសនៅជិតគ្នាផងដែរ, ទី៣.កម្ពុជា-ចិន មានទំនាក់ ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា យ៉ាងជិតស្និទ, ទី៤.កម្ពុជាបានធ្វើការផ្សព្វផ្សាយពីវិស័យទេសចរណ៍របស់ខ្លួនទៅកាន់ ទីផ្សារភ្ញៀវទេសចរចិន បានទូលំទូលាយជាបណ្ដើរៗហើយដែរ ដូចជា ការរៀបចំសៀវភៅស China Ready និងប្រព័ន្ធផ្សព្វផ្សាយតាម រយៈការថតរូប ថតវីឌីអូ ជាច្រើនទៀត, និងទី៥.កម្ពុជា ជាប្រទេសមានសុខសន្តិភាព ស្ថិរភាពនយោបាយ ដែលជាកក្តាចម្បងក្នុងការ ទាក់ទាញកំណើនភ្ញៀវទេសចរអន្តរជាតិ»។
សូមជម្រាបថា កាលពីឆ្នាំ២០១៥ ចំនួនភ្ញៀវទេសចរអន្តរជាតិ ដែលមកទស្សនាកម្ពុជា មានចំនួន៤,៧៧៥,២៣១នាក់ ក្នុងនោះមាន ភ្ញៀវទេសចរចិន ចំនួន៦៩៤,៧១២នាក់ផងដែរ៕