(បាងកក, ថៃ)៖ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០២៣ នាឱកាសនៃសន្និបាតប្រចាំឆ្នាំទី៧៩ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN ESCAP) ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងបាងកក ប្រទេសថៃ ក្រោមមូលបទ «ការជំរុញសកម្មភាពសម្រាប់ធាតុអាកាសនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព» អាជ្ញាធរមីន សហការជាមួយ គណៈកម្មាធិការជាតិអេស្កាប់ រៀបចំព្រឹត្តិការណ៍អមស្តីពី «ការបោសសម្អាតមីនដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព» និងការតាំងបង្ហាញរូបភាពសកម្មភាពមីននៅកម្ពុជាកម្រិតតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីបង្ហាញអំពីវឌ្ឍនភាព បញ្ហាប្រឈមនានា និងទិសដៅទៅមុខនៃសកម្មភាពមីនកម្ពុជា។

ព្រឹត្តិការណ៍អមនេះ មានការចូលរួមពី លោកស្រី Armida Salsiah Alisjahbana អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាប្រធាន UN ESCAP លោក កៅ គឹមហួន អគ្គលេខាធិការ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ លោក ហ៊ុន សារឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ តំណាងអង្គការ ស្ថាប័នអន្តរជាតិនានាដែលជាដៃគូ និងបណ្តាញរបស់អង្គការសហប្រជាជាតិ។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានចែករំលែកនូវបទពិសោធន៍របស់កម្ពុជាលើការងារសកម្មភាពមីន ជូនដល់គណៈប្រតិភូដែលបានចូលរួមសន្និបាតប្រចាំឆ្នាំទី៧៩ របស់ UN ESCAP នៅប្រទេសថៃ។

លោកទេសរដ្ឋមន្រ្តី បានលើកឡើងថា បញ្ហាគ្រាប់មីននៅកម្ពុជា បានជះឥទ្ធិពលយ៉ាងអាក្រក់ទៅលើវិស័យជាច្រើន មិនត្រឹមតែបង្កើតបន្ទុកទៅលើជនរងគ្រោះនិងក្រុមគ្រួសារប៉ុណ្ណោះទេ តែវាថែមទាំងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការ អភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការបោសសម្អាតមីន និងដោះស្រាយផលវិបាកនានាដែលបង្កដោយគ្រាប់មីន បានជួយឱ្យប្រជាពលរដ្ឋអាចរស់នៅដោយសុវត្ថិភាព មានទំនុកចិត្ត និងចូលរួមដល់ការអភិវឌ្ឍប្រកបដោយចីរភាព។

សមិទ្ធផលសម្រេចបានរយៈពេល៣០ឆ្នាំនៅកម្ពុជា គឺបានកើតចេញពីកិច្ចខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ជាពិសេសកើតចេញពីគោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលបានបញ្ចប់សង្រ្គាមរ៉ាំរ៉ៃនៅកម្ពុជា និងនាំឲ្យប្រទេសជាតិទទួលបានសុខសន្តិភាពពេញលេញ ដែលអាចឲ្យការងារបោសសម្អាតមីនបានដំណើរការទទួលជោគជ័យ និងឈានដល់ការអភិវឌ្ឍប្រទេសប្រកប ដោយសុវត្ថិភាព។

ទេសរដ្ឋមន្រ្តី បានបន្តទៀតថា ជាមួយភាពជោគជ័យ និងបទពិសោធន៍ក្នុងការងារបោសសម្អាតមីននៅក្នុងប្រទេស កម្ពុជា បានយកនូវបទពិសោធន៍របស់ខ្លួន ចូលរួមដល់ការងាររក្សាសន្តិភាពនៅតាមបណ្តាប្រទេសមួយចំនួន ដែលធ្លាប់រងគ្រោះដូចកម្ពុជា ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ និងចូលរួមផ្លាស់ប្តូរជំនាញបោសសម្អាតមីនផ្សេងៗទៀតទាំងក្នុងតំបន់ និងពិភពលោកក្រោមកិច្ចសហប្រតិបត្តិការត្បូងត្បូង។

ទោះបីយ៉ាងណា កម្ពុជានៅបន្តការងារបោសសម្អាតមីនដែលនៅសេសសល់ឲ្យអស់ក្នុងទំហំផ្ទៃដីប្រមាណជា ៥៦៣ គីឡូម៉ែត្រក្រឡា ដោយបានដាក់ផែនការបញ្ចប់ត្រឹមឆ្នាំ២០២៥ ព្រមទាំងរៀបចំគោលនយោបាយជាតិ ដោះស្រាយហានិភ័យ ពីយុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោយឆ្នាំ២០២៥ ផងដែរ៕