(កោះកុង)៖ លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា រយៈពេលជាង១០ឆ្នាំ មន្ត្រីឧទ្យានុរក្ស ដោយមានការកិច្ចសហការជាមួយអង្គការដៃគូ បានចុះបង្ក្រាបបទល្មើសធនធានធម្មជាតិ ដោយក្នុងនោះរឹបអូស និងដកហូតរណាយន្តជាង៦ពាន់គ្រឿង ដែលក្រុមជនល្មើសប្រើប្រាស់សម្រាប់កាប់បំផ្លាញព្រៃឈើដោយខុសច្បាប់។

ក្នុងឱកាសចុះដឹកនាំក្រុមអ្នកសារព័ត៌មានចុះធ្វើទស្សនកិច្ចនៅទីស្នាក់ការស្រែអំបិល ខេត្តកោះកុង នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ លោក នេត្រ ភក្ត្រា បានថ្លែងថា សម្រាប់រណាយន្តរួមទាំងវត្ថុតាងប្រព្រឹត្តបទល្មើសនានាត្រូវបានប្រមូលមករក្សាទុកនៅតាមទីស្នាក់ការល្បាតនានានៅខេត្តកោះកុង។

នាឱកាសនោះដែរ អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា «នៅក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ នៅទូទាំងប្រទេសកម្ពុជា ក្រសួងបរិស្ថាន និងអង្គការដៃគូពាក់ព័ន្ធបានប្រមូលរណាយន្តបានចំនួន ៦,៨៦០រណាយន្ត នៅក្នុងក្របខណ្ឌនៃការទប់ស្កាត់ បទល្មើស ហើយរណាយន្តនេះគឺជាបញ្ហាប្រឈមមួយដែលជាឧបករណ៍ដែលបំផ្លាញព្រៃឈើ»

លោក នេត្រ ភក្ត្រា បានបន្ថែមថា រណាយន្តនេះក៏ស្ថិតនៅក្នុងផ្នែកមួយដែលច្បាប់ហាមឃាត់ ដែលនៅក្នុងចំណោមវត្ថុតាងទាំងនេះ ក៏ស្ថិតនៅក្នុងបទល្មើសសត្វព្រៃដែរ ជាពិសេសគឺការចាប់សត្វស្វា ដែលគេប្រើប្រាស់ឧបករណ៍នេះដើម្បីកាត់ផ្តូលរំលំ ដើមឈើដើម្បីឱ្យសត្វស្វារត់ទៅទំកន្លែងដើមឈើ១ដើម ហើយចុងក្រោយគឺចាប់យកតែម្តង។

ទន្ទឹមនឹងនេះដែរ លោក នេត្រ ភក្រ្តា បានលើកឡើងថា នៅក្នុងតំបន់ជួរភ្នំក្រវាញនេះការគ្រប់គ្រងបទល្មើសទាំងការដោះអន្ទាក់មានភាពល្អប្រសើរ ហើយបទល្មើសដែលកើតឡើង គឺត្រូវបានទប់ស្កាត់និងបង្រ្កាប អន្ទាក់ជាច្រើនត្រូវបានដោះដោយក្នុងនោះនៅទូទាំងប្រទេសអន្ទាក់ប្រមាណជិត ១០ម៉ឺនអន្ទាក់ ដែលភាគច្រើនគឺត្រូវបានដោះនៅក្នុងជួរភ្នំក្រវាញ។

មន្ត្រីជាន់ខ្ពស់រូបនេះ បានបន្ថែមថា ជួរភ្នំក្រវាញ គឺជាទិសដៅសំខាន់នៃបទល្មើស ដែលកន្លែងនេះសំបូរទៅដោយឈើ ក៏ដូចជាសត្វកម្រៗ ដែមានវត្តមាននៅទីនេះហើយការរៀបចំយុទ្ធនាការអន្ទាក់សូន្យនៅក្នុងខេត្តកោះកុងនេះក៏ជាទិសដៅសំខាន់នៅក្នុងការបញ្ជូនសារទៅកាន់ប្រជាពលរដ្ឋ ជាពិសេសគឺជនល្មើសត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាពបទល្មើសទាំងអស់នេះ ហើយចូលរួមមក ការពារនិងអភិរក្សធនធានធម្មជាតិរបស់យើង។

បើតាមលោក អេឌី ឡេកទ័រ ជាប្រធានផ្នែកពង្រឹងការអនុវត្តច្បាប់នៃកម្មវិធីការពារព្រៃឈើតំបន់ជួរភ្នំក្រវាញ របស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានថ្លែងថា៖ «រណាយន្តនេះត្រូវបានរឹបអូសបាននៅក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ខណៈមានរណាមួយយន្តមួយចំនួនត្រូវបានកម្ទេចចោល...! បទល្មើសធនធានធម្មជាតិនៅតែបន្តកើតមានដដែល គ្រាន់តែមានការថយចុះបន្តិច ប៉ុន្តែ យើងបានទប់ស្កាត់រហូតសង្កេតឃើញថាមានការថយចុះខ្លះ»

មន្ត្រីផ្នែកអនុវត្តច្បាប់រូបនេះ បានបន្តថា សម្រាប់យុទ្ធនាការអន្ទាក់សូន្យនេះនឹងក្លាយជារឿងមួយដែលបានបញ្ជូនសារដ៏ខ្លាំងក្លាជូនចំពោះជនល្មើសដែលជាអ្នកបរបាញ់សត្វព្រៃ និងអ្នកកាប់ព្រៃឈើខុសច្បាប់ឱ្យបានយល់ថាអ្វីដែលពួកគាត់បានប្រព្រឹត្តកន្លងមកគឺមិនល្អនោះទេសម្រាប់ធនធានធម្មជាតិកម្ពុជា។

លោក អេឌី បានបញ្ជាក់ថា សម្រាប់ទីស្នាក់ការស្រែអំបិលនេះ គឺមានឧបករណ៍ប្រព្រឹត្តបទល្មើសធនធានធម្មជាតិ ជាច្រើនត្រូវបានប្រមូលមករក្សាទុកនៅទីនេះ។

គួរឱ្យដឹងថា តាមរយៈវិធានការដែលបានដាក់ចុះដោយក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (WA) ដែលបានសហការគ្នា នៅក្នុងការអភិរក្សនៅតំបន់នេះបានធ្វើឱ្យតំបន់ការពារធម្មជាតិនៅក្នុងខេត្ត ជាពិសេសនៅក្នុងតំបន់ជួរភ្នំក្រវាញ មានភាពល្អប្រសើរឡើង ហើយទីតាំងនេះក៏ជាផ្នែកមួយនៃការលក់ឥណទានកាបោណមួយ។ ក្រសួងក៏កំពុងតែពង្រឹងទៅលើប្រសិទ្ធភាពនៃការអភិរក្សតាមរយៈការដាក់ចុះនូវផែនការអភិវឌ្ឍសហគមន៍មូលដ្ឋានដែលថវិកាបានមក គឺដើម្បីប្រើប្រាស់ពង្រឹងការអនុវត្តន៍ច្បាប់ ពង្រឹងការអភិវឌ្ឍសេដ្ឋកិច្ចសម្រាប់សហគមន៍មូលដ្ឋានផងដែរ៕