(ភ្នំពេញ)៖ បន្ទាប់ពីណែនាំឲ្យក្រុមការងារស្រាវជ្រាវ ស្វែងរកក្មេងប្រុសដែលលក់ផ្កាម្នាក់នៅខេត្តបាត់ដំបង, នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ ក្រុមការងារបានរកឃើញក្មេងប្រុសនោះហើយ ដោយបាននាំយកអំណោយឧបត្ថម្ភដល់ក្មេងប្រុស និងក្រុមគ្រួសារមួយចំនួន។ នេះបើតាម Facebook ផ្លូវការរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត។
ជាមួយគ្នានេះ លោកបណ្ឌិតក៏គ្រោងជួបផ្ទាល់ជាមួយក្មេងប្រុស និងក្រុមគ្រួសាររបស់គាត់ផងដែរ នៅពេលឆាប់ៗខាងមុខ។
តាមរយៈ Facebook លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ដូច្នេះថា «យោងតាមការប្រកាសស្វែងរកកុមារាលក់ផ្កា កាលពីថ្ងៃទី១៤ ឧសភា របស់បណ្ឌិត ហ៊ុន ម៉ាណែត ក្រុមការងារសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ខេត្តបាត់ដំបង បានរកឃើញ និងចុះដល់ផ្ទះកុមារា រុន ភារម្យ ហៅ រ៉យ អាយុ១៣ឆ្នាំ រៀនថ្នាក់ទី៤ នៅសាលាបឋមសិក្សាជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ដោយបាននាំនូវអំណោយមួយចំនួនជាគ្រឿងឧបភោគបរិភោគដល់កុមារា និងក្រុមគ្រួសារ។ ជាមួយនេះ បណ្ឌិត ហ៊ុន ម៉ាណែត គ្រោងជួបផ្ទាល់ជាមួយកុមារា និងក្រុមគ្រួសារក្នុងពេលឆាប់ៗខាងមុខ ដើម្បីពិនិត្យលទ្ធភាពជាក់ស្តែងក្នុងការជួយបន្ត»។
សូមជម្រាបថា នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបង្ហោះរូបថតចំនួន ៣សន្លឹកជាមួយក្មេងប្រុសលក់ផ្កាម្នាក់ នៅខេត្តបាត់ដំបង ក្នុងកម្មវិធីពិសាអាហារសាមគ្គីមួយ ដែលរៀបចំឡើងនៅខេត្តបាត់ដំបង កាលពីពេលថ្មីៗនេះ។
លោកបណ្ឌិតបញ្ជាក់ថា រូបថតអត់ព្រៀងទុកប៉ុន្មានសន្លឹក ដែលបានថតជាមួយក្មេងប្រុសលក់ផ្កានេះ ជាមួយកាយវិការ និងដំណើររឿងជីវិតរបស់គាត់ បានធ្វើឲ្យអារម្មណ៍លោកបណ្ឌិតរំភើបដោយមិនដឹងខ្លួន។ លោកបានចាត់ឲ្យក្រុមការងារ ស្រាវជ្រាវរកក្មួយប្រុសម្នាក់នោះ ដើម្បីពិនិត្យមើលស្ថានភាពក្រុមគ្រួសាររបស់គាត់ និងលទ្ធភាពដែលអាចជួយគាត់៕