(កំពង់ចាម)៖ នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំសហការី ចុះជួបសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខគ្រួសារសពពលរដ្ឋស៊ីឈ្នួលដាំដំឡូង៥នាក់ នៅក្នុងភូមិដូនទរ ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ដែលបានរងគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងគោយន្តកន្ត្រៃ បណ្តាលឲ្យក្រឡាប់ស្លាប់បាត់បង់ជីវិតចំនួន៥នាក់។
ក្នុងឱកាសនោះលោក អ៊ុន ចាន់ដា បានសម្តែងការសោកស្តាយ និងចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារនៃសពកម្មករទាំង៥នាក់ ចំពោះការបាត់បង់ ប្តី ឪពុក ម្តាយ បងស្រី ជាទីស្រឡាញ់ ដែលបាត់បង់ជីវិត ក្នុងគ្រោះថ្នាក់ចរាចរណ៍ ដែលមិននឹកស្មានដល់នេះ។
លោកអភិបាលខេត្ត បានផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីអាណិតអាសូរពន់ពេកពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេច តែងតែមានក្តីបារម្ភនិងគិតគូរ ដល់ប្រជាពលរដ្ឋ ងាយរងគ្រោះ ជនរងគ្រោះដោយមហន្តរាយផ្សេងៗ ហើយតែងបានចាត់តំណាង ចុះអន្តរាគមន៍ជួយសម្រាលការលំបាក ជួយរំលែកមរណទុក្ខទាន់ពេលវេលា ស្របតាមទិសស្លោក «ទីណាមានទុក្ខលំបាក ទីនោះ មានកាកបាទក្រហមកម្ពុជា»។
ជាមួយនេះលោក អ៊ុន ចាន់ដា បានលើកទឹកចិត្តដល់ក្រុមគ្រួសារសពទាំង៥ ឲ្យខំកាត់ចិត្ត ទប់អារម្មណ៍ ហើយថែរក្សាសុខភាពអោយល្អរឹងមាំ ដោយប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិតបន្តទៀត ដើម្បីលើកកំពស់ជីវភាពក្នុងគ្រួសារ។ ចំពោះបងប្អូនរងរបួស៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត លោក អ៊ុន ចាន់ដា បានណែនាំឲ្យមន្ទីរពេទ្យយកចិត្តទុកដាក់ព្យាបាលដោយសាខាទទួលបន្ទុកបង់សេវា ហើយបានចាត់ឲ្យនាយកសាខា ចុះសួរសុខទុក្ខ បន្ថែមទៀត។
សូមបញ្ជាក់ថា អំណោយរបស់សម្តេចប្រធានកាកបាទក្រហមកម្ពុជា ជូនគ្រួសាររងគ្រោះទាំង៥នាក់ ដោយក្នុង១គ្រួសារសព ទទួលបាន៖ អង្ករ ៥០គីឡូក្រាម ទឹកសុទ្ធ ២ កេស ទឹកក្រូច ២ កេស ត្រីខ ២០កំប៉ុង មី ២កេស និងថវិកា ចំនួន ១,០០០,០០០ រៀល។ ដោយឡែក អនុសាខាកាកបាទក្រហមស្រុកស្ទឹងត្រង់ ក៏បានឧបត្ថម្ភជូន ក្នុង១គ្រួសារសពនូវអង្ករ ២៥គក្រ ទឹកសុទ្ធ ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកាមួយចំនួនផងដែរ។
គួររំលឹកផងថា ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើងនៅល្ងាចថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ពេលពលរដ្ឋស៊ីឈ្នួល៨នាក់ (ប្រុសម្នាក់) ជិះលើគោយន្ត វិលត្រឡប់មកពីដាំដំឡូង ដល់ពាក់កណ្តាលផ្លូវ ចំណុចភូមិតាម៉ៅ ចៃដន្យមានរថយន្ត១គ្រឿង បើកច្រាស់ទិស ជែងជាមួយរថយន្តដឹកមាន់ ហើយក៏រេចង្កូតជ្រុលទៅបុកទាំងកម្រោលលើគោយន្តដែលឈប់ស្ងៀម រុញទម្លាក់ប្រឡាយបណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែង៤នាក់ (២នាក់ជាម្តាយចាស់ និងកូនស្រី, ស្តី្រវ័យចំណាស់ម្នាក់ និងអ្នកបើកគោយន្តម្ចាស់ចំការម្នាក់) ខណៈរងរបួស៤នាក់ ហើយបានស្លាប់ម្នាក់បន្ថែមទៀត ពេលបញ្ជូនដល់មន្ទីរពេទ្យ៕