(ភ្នំពេញ)៖ គណបក្សកម្លាំងប្រជាធិបតេយ្យ នៅល្ងាចថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញញត្តិគាំទ្រចំពោះការអនុម័តរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលបដិសេធលើការចុះបញ្ជីដល់ គណបក្សភ្លើងទៀន សម្រាប់បោះឆ្នោតតំណាងរាស្រ្ត អាណត្តិទី៧ ដោយសារតែគណបក្សនេះ មិនបំពេញឱ្យគ្រប់លក្ខខណ្ឌច្បាប់។
គណបក្សកម្លាំងប្រជាធិបតេយ្យ បានបញ្ជាក់ដូច្នេះថា៖ «គណបក្សកម្លាំងប្រជាធិបតេយ្យ សូមគាំទ្រចំពោះសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត ដែលប្រកបទៅដោយតម្លាភាព និងភាពសុក្រិតយុត្តិធម៌ សម្រាប់គណបក្សទាំងអស់ដែលបានចូលរួមចុះបញ្ជី ឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣»។
គណបក្សកម្លាំងប្រជាធិតេយ្យ សូមប្តេជ្ញាការពារឱ្យបានរឹងមាំជាអមតៈ នូវសន្តិភាព ស្ថិរភាពសង្គម លទ្ធិប្រជាធិបតេយ្យ បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងគោរពទៅតាមលក្ខខណ្ឌគោលការណ៍ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជានិច្ច។
សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចបដិសេធតែម្តងទៅលើការចុះបញ្ជីរបស់គណបក្សភ្លើងទៀនឈរឈ្មោះបោះឆ្នោតតំណាងរាស្រ្ត អាណត្តិទី៧ ដោយសារគណបក្សនេះ មិនបានបំពេញគ្រប់លក្ខខណ្ឌ និងមិនបានភ្ជាប់មកជាមួយនូវប្រកាស ក្នុងការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម។ គ.ជ.ប បានអះអាងថា គណបក្សភ្លើងទៀន ពុំបានបំពេញនូវចំណុចខ្វះខាតរបស់ខ្លួននោះទេ។
ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ មានរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ខែមេសា ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ ក្នុងនោះមានគណបក្សនយោបាយចំនួន២០ បានដាក់ពាក្យសុំចុះបញ្ជី។ គណបក្សភ្លើងទៀន បានដាក់ពាក្យសុំចុះបញ្ជីគណបក្សឈរឈ្មោះ នៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃអាទិត្យ ទី០៧ ខែឧសភា ឆ្នាំ២០២៣ ពោលគឺមួួយថ្ងៃមុនការបិទការស្នើសុំចុះឈ្មោះ។ នៅពេលពិនិត្យបញ្ជីឈ្មោះគណបក្សនេះ គ.ជ.ប ក៏រកឃើញថា កំហុសផងដែរ នោះគឺបេក្ខជនពេញសិទ្ធិលេខរៀងទី១ មណ្ឌលខេត្តកណ្តាល ឈ្មោះ រ៉ុង ឈុន ភេទប្រុស កើតថ្ងៃទី១៥ ខែកក្កដា ឆ្នាំ១៩៦៩ ត្រូវបានតុលាការផ្តន្ទាទោសពីបទមជ្ឈឹម ហើយដែលមិនទាន់មាននីតិសម្បទាឡើងវិញ ដែលចំណុចនេះ ត្រូវបានកំណត់នៅក្នុងច្បាប់។
គិតត្រឹមថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ គ.ជ.ប បានសម្រេចអនុម័តចុះបញ្ជីដល់គណបក្សសរុបចំនួន១៨ ដែលបានដាក់ឯកសារគ្រប់គ្រាន់ និងត្រឹមត្រូវស្របតាមលក្ខខណ្ឌកំណត់នៃច្បាប់៕