(ភ្នំពេញ)៖ សមាគមរាជសីហ៍ នៅល្ងាចថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញសេចក្តីថ្លែងការណ៍ គាំទ្រចំពោះការអនុម័តរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលបដិសេធលើការចុះបញ្ជីដល់ គណបក្សភ្លើងទៀន សម្រាប់បោះឆ្នោតតំណាងរាស្រ្ត អាណត្តិទី៧ ដោយសារតែគណបក្សនេះ មិនបំពេញឱ្យគ្រប់លក្ខខណ្ឌច្បាប់។

សេចក្តីថ្លែងការណ៍គាំទ្រ សមាគមរាជសីហ៍ បានបញ្ជាក់ថា «សូមសម្តែងការគាំទ្រ ចំពោះសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត សមាគមរាជសីហ៍ បានមើលឃើញថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានអនុវត្តនីតិវិធីយ៉ាងត្រឹមត្រូវ ច្បាស់លាស់ ស្មើភាព មានស្តង់ដារតែមួយ ចំពោះគ្រប់គណបក្សនយោបាយ ដែលមានបំណងចូលរួមប្រកួតប្រជែងការបោះឆ្នោត ដោយត្រូវអនុវត្តដូចៗគ្នាទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីច្បាប់ដែលបានចែង។

សមាគមរាជសីហ៍ ក៏មានការសោកស្តាយ ចំពោះគណបក្សភ្លើងទៀន ដែលមិនបានយកចិត្តទុកដាក់ បំពេញបែបបទស្នើសុំចុះបញ្ជីគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ឲ្យបានត្រឹមត្រូវតាមច្បាប់កំណត់ជាធរមាន។ ជាមួយគ្នានេះដែរ សមាគមរាជសីហ៍ ក៏មានការសោកស្តាយផងដែរដែល គណបក្សភ្លើងទៀន បានធ្វើការគម្រាមទៅលើគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត តាមរយៈសេចក្តីប្រកាសព័ត៌ មានចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ ក្នុងការប្រមូលផ្ដុំថ្នាក់ដឹកនាំ សមាជិក សមាជិកា សកម្មជន និងអ្នកគាំទ្រគណបក្ស នៅទូទាំងប្រទេស ដើម្បីតស៊ូមតិប្រឆាំងទៅនឹងការអនុវត្តនីតិវិធីច្បាប់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

សមាគមរាជសីហ៍ សូមអំពាវនាវដល់គ្រប់គណបក្សនយោបាយទាំងអស់ ប្រជាពលរដ្ឋគ្រប់ស្រទាប់ ចូលរួមអនុវត្តច្បាប់ទាំងអស់គ្នា ជៀសវាងការប្រើប្រាស់រូបភាពបាតុកម្ម ឬការគំរាមកំហែងណាមួយ ។

សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចបដិសេធតែម្តងទៅលើការចុះបញ្ជីរបស់គណបក្សភ្លើងទៀនឈរឈ្មោះបោះឆ្នោតតំណាងរាស្រ្ត អាណត្តិទី៧ ដោយសារគណបក្សនេះ មិនបានបំពេញគ្រប់លក្ខខណ្ឌ និងមិនបានភ្ជាប់មកជាមួយនូវប្រកាស ក្នុងការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម។ គ.ជ.ប បានអះអាងថា គណបក្សភ្លើងទៀន ពុំបានបំពេញនូវចំណុចខ្វះខាតរបស់ខ្លួននោះទេ។

ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ មានរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ខែមេសា ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ ក្នុងនោះមានគណបក្សនយោបាយចំនួន២០ បានដាក់ពាក្យសុំចុះបញ្ជី។ គណបក្សភ្លើងទៀន បានដាក់ពាក្យសុំចុះបញ្ជីគណបក្សឈរឈ្មោះ នៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃអាទិត្យ ទី០៧ ខែឧសភា ឆ្នាំ២០២៣ ពោលគឺមួយថ្ងៃមុនការបិទការស្នើសុំចុះឈ្មោះ។ នៅពេលពិនិត្យបញ្ជីឈ្មោះគណបក្សនេះ គ.ជ.ប ក៏រកឃើញថាកំហុសផងដែរ នោះគឺបេក្ខជនពេញសិទ្ធិលេខរៀងទី១ មណ្ឌលខេត្តកណ្តាល ឈ្មោះ រ៉ុង ឈុន ភេទប្រុស កើតថ្ងៃទី១៥ ខែកក្កដា ឆ្នាំ១៩៦៩ ត្រូវបានតុលាការផ្តន្ទាទោសពីបទមជ្ឈឹម ហើយដែលមិនទាន់មាននីតិសម្បទាឡើងវិញ ដែលចំណុចនេះ ត្រូវបានកំណត់នៅក្នុងច្បាប់។

គិតត្រឹមថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ គ.ជ.ប បានសម្រេចអនុម័តចុះបញ្ជី ដល់គណបក្សសរុបចំនួន១៨ ដែលបានដាក់ឯកសារគ្រប់គ្រាន់ និងត្រឹមត្រូវស្របតាមលក្ខខណ្ឌកំណត់នៃច្បាប់៕