(ភ្នំពេញ)៖ គណបក្សយុវជនកម្ពុជា ដឹកនាំដោយ លោក ពេជ្រ ស្រស់ នៅល្ងាចថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញសេចក្តីថ្លែងការណ៍មួួយ គាំទ្រចំពោះការអនុម័តរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលបដិសេធលើការចុះបញ្ជីដល់ គណបក្សភ្លើងទៀន សម្រាប់បោះឆ្នោតតំណាងរាស្រ្ត អាណត្តិទី៧ ដោយសារតែគណបក្សនេះ មិនបំពេញឱ្យគ្រប់លក្ខខណ្ឌច្បាប់។

គណបក្សយុវជនកម្ពុជា បានបញ្ជាក់ដូច្នេះថា៖ «នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញសេចក្តីសម្រេចបដិសេធកាចុះបញ្ជីរបស់គណបក្សភ្លើងទៀន ដោយគណបក្សមួយនេះមិនបានបំពេញនូវលក្ខ ខណ្ឌគ្រប់គ្រាន់ស្របតាមច្បាប់ ហើយការសម្រេចបដិសេធនេះឆ្លុះបញ្ចាំងអំពីការអនុវត្តគោលការណ៍ និងអនុវត្តច្បាប់ដោយស្មើភាពគ្នាចំពោះគណបក្សនយោបាយគ្រប់និន្នាការ ក្នុងន័យនេះដែរ គណបក្ស យុវជនកម្ពុជា យើងខ្ញុំ សូមគាំទ្រទាំងស្រុងនូវសេចក្តីសម្រេចបដិសេធកាចុះបញ្ជីគណបក្សភ្លើងទៀន របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហើយយើងខ្ញុំ សូមស្នើដល់ក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវ តម្កល់សេចក្តីសម្រេចបដិសេធរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបានចេញសេចក្ដី សម្រេចបដិសេធការចុះបញ្ជីរបស់គណបក្សភ្លើងទៀនទុកជាបានការដើម្បីធានាបានតម្លាភាព និងភាព ស្មើគ្នាចំពោះមុខច្បាប់រវាងគណបក្សនយោបាយទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា»

សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចបដិសេធតែម្តងទៅលើការចុះបញ្ជីរបស់គណបក្សភ្លើងទៀនឈរឈ្មោះបោះឆ្នោតតំណាងរាស្រ្ត អាណត្តិទី៧ ដោយសារគណបក្សនេះ មិនបានបំពេញគ្រប់លក្ខខណ្ឌ និងមិនបានភ្ជាប់មកជាមួយនូវប្រកាស ក្នុងការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម។ គ.ជ.ប បានអះអាងថា គណបក្សភ្លើងទៀន ពុំបានបំពេញនូវចំណុចខ្វះខាតរបស់ខ្លួននោះទេ។

ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ មានរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ខែមេសា ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ ក្នុងនោះមានគណបក្សនយោបាយចំនួន២០ បានដាក់ពាក្យសុំចុះបញ្ជី។ គណបក្សភ្លើងទៀន បានដាក់ពាក្យសុំចុះបញ្ជីគណបក្សឈរឈ្មោះ នៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃអាទិត្យ ទី០៧ ខែឧសភា ឆ្នាំ២០២៣ ពោលគឺមួួយថ្ងៃមុនការបិទការស្នើសុំចុះឈ្មោះ។ នៅពេលពិនិត្យបញ្ជីឈ្មោះគណបក្សនេះ គ.ជ.ប ក៏រកឃើញថា កំហុសផងដែរ នោះគឺបេក្ខជនពេញសិទ្ធិលេខរៀងទី១ មណ្ឌលខេត្តកណ្តាល ឈ្មោះ រ៉ុង ឈុន ភេទប្រុស កើតថ្ងៃទី១៥ ខែកក្កដា ឆ្នាំ១៩៦៩ ត្រូវបានតុលាការផ្តន្ទាទោសពីបទមជ្ឈឹម ហើយដែលមិនទាន់មាននីតិសម្បទាឡើងវិញ ដែលចំណុចនេះ ត្រូវបានកំណត់នៅក្នុងច្បាប់។

គិតត្រឹមថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ គ.ជ.ប បានសម្រេចអនុម័តចុះបញ្ជីដល់គណបក្សសរុបចំនួន១៨ ដែលបានដាក់ឯកសារគ្រប់គ្រាន់ និងត្រឹមត្រូវស្របតាមលក្ខខណ្ឌកំណត់នៃច្បាប់៕