(ភ្នំពេញ)៖​ លោកស្រី ជា សិរី អគ្គទេសាភិបាលរងធនាគារជាតិនៃកម្ពុជា និងជាអនុប្រធានទី១​ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកសន្ទុក​បានលើកទឹកចិត្តយុវជន​ ជ្រើសយកការលេងកីឡា​ តាមជំនាញ​ និងចំណង់ចំណូលចិត្តរបស់ខ្លួន ហើយចៀសឱ្យឆ្ងាយ​ ពីគ្រឿងញៀន និងការប្រព្រឹត្តភាពអសកម្មនានា​ នៅក្នុងសង្គម។

ការលើកឡើង​ របស់លោកស្រី ជា សិរី ធ្វើឡើងក្នុងឱកាសចូលរួមបើកការប្រកួត​បាល់ទាត់មិត្តភាព​ រវាងយុវជន​ ឃុំប្រាសាទ និងឃុំកំពង់ថ្ម​នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣។

ក្រុមការងារចុះជួយស្រុក​ និងក្រុមយុវជនគណបក្សស្រុកសន្ទុក​ បានរៀបចំការប្រកួតបាល់ទាត់មិត្តភាព​ រវាងយុវជនឃុំប្រាសាទ និងឃុំកំពង់ថ្ម ដើម្បីអបអរការប្រកួតកីឡាស៊ីហ្គេមលើកទី៣២​ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ​ និងដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ​ រវាងយុវជន និងយុវជន ឱ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត។

ការរៀបចំការប្រកួតបាល់ទាត់មិត្តភាព​ រវាងយុវជនឃុំប្រាសាទ និងឃុំកំពង់ថ្ម​ ធ្វើនៅថ្ងៃទី១៤​ ខែឧសភាឆ្នាំ២០២៣​បិតបញ្ចប់ការប្រកួតនៅអំឡុងសប្តាហ៍ទី៤ នៃខែមិថុនា ឆ្នាំ២០២៣​ ក្នុងនោះសម្រាប់រង្វាន់លើក ទឹកចិត្តដល់ជ័យលាភីលេខ ១ ទទួលបានថវិកា១ លានរៀល,លេខ២ចំនួម៧០ម៉ឺនរៀល និងលេខ៣ថវិកាចំនួន៥០ម៉ឺនរៀល។

លោក ឡង គីសឹង​ ប្រធានគណបក្សស្រុកសន្ទុក​ បានចាត់ទុកវត្តមាន​ លោកស្រី ជា សិរី ក្នុងការបើកប្រកួតបាល់ទាត់មិត្តភាពរវាងយុវជនឃុំប្រាសាទ និងឃុំកំពង់ថ្មនាថ្ងៃនេះ បានបង្ហាញឲ្យឃើញច្បាស់​ អំពីគុណតម្លៃដ៏ឧត្តុង្គឧត្តមរបស់ថ្នាក់ដឹកនាំទាំងបក្សទាំងរដ្ឋ ដែលជានិច្ចកាលតែងផ្សារភ្ជាខ្លួន​ ជាមួយក្រុមយុវជនគ្រប់លំដាប់ថ្នាក់ ហើយតាមរយៈនេះក៏បានបង្កើននូវជំនឿទុកចិត្ត និងការផ្សារភ្ជាប់មនោសញ្ចេតនា​ជ្រាលជ្រៅ ជាមួយយុវជនតាមមូលដ្ឋានថែមទៀតផង។

លោកស្រី ជា សិរី បានលើកឡើងថា ពិតជាមានការសប្បាយរីករាយយ៉ាងក្រៃលែង​ ដែលបានចូលរួមក្នុងពិធីបើកការប្រកួត បាល់ទាត់មិត្តភាពយុវជននៅឃុំប្រាសាទ និងកំពង់ថ្មក្រោមប្រធានបទ​ កីឡារស់ក្នុងសន្តិភាព។

លោកស្រីបានបញ្ជាក់ដែរថា​ «ការប្រកួតបាល់ទាត់មិត្តភាពក្របខណ្ឌយុវជននេះ​ រៀបចំឡើង​ ដើម្បីលើកកម្ពស់សកម្មភាព​ ការលេងកីឡាឱ្យបានកាន់តែទូលំទូលាយ​ននៅតាមមូលដ្ឋាន​ ដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាពជាមួយគ្នាកាន់តែជិតស្និទ្ធបន្ថែមទៀត។ កម្មវិធីប្រកួតបាល់ទាត់មិត្តភាពយុវជននាពេលនេះ​ ក៏ត្រូវបានធ្វើឡើងស្របពេលដែល​ប្រទេសកម្ពុជា​ កំពុងធ្វើជាម្ចាស់ផ្ទះ​ននៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលបានចាប់ផ្តើមពីថ្ងៃទី៥-១៧ ខែឧសភា ឆ្នាំ២០២៣។

លោកស្រីបានបញ្ជាក់ថា​ «តាមរយៈនៃការលេងកីឡាបានជាប្រចាំពីយុវជន​ម្នាក់ៗ​ នឹងផ្ដល់នូវអត្ថប្រយោជន៍យ៉ាងច្រើនទាំងសម្រាប់សុខភាព រាងកាយ និងប្រាជ្ញាស្មារតី ព្រមទាំងពង្រឹង​ និងពង្រីកកិច្ចសហប្រតិបត្តិការរវាងយុវជន និងយុវជន ឱ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត។ ដូច្នេះយុវជនយើងគប្បីជ្រើសរើសយកការលេងកីឡាផ្សេងៗ ទៅតាមជំនាញនិងចំណង់ចំណូលចិត្តរបស់ខ្លួន ហើយត្រូវចៀសវាងឱ្យឆ្ងាយពីការប្រើប្រាស់ គ្រឿងញៀន គ្រឿងស្រវឹង ការលេងល្បែងស៊ីសង និងការប្រព្រឹត្តភាព​ អសកម្មនានានៅក្នុងសង្គម»

លោកស្រី ជា សិរី ក៏បានអញ្ជើញចុះទៅប្រគល់ផ្ទះថ្មីចំនួន២ខ្នង និងប្រកាសជួយសាងសង់ថ្មី៣ខ្នង បន្ថែមដល់គ្រួសារចាស់ជរា គ្រួសារខ្វះខាត និងនិវត្តិជនរស់នៅឃុំប្រាសាទនិងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់លោបណ្ឌិត ជា ចាន់តូ សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ​ និងលោកស្រីរួមមានគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនចែកជូនគ្រួសារទាំងនោះផងដែរ៕