(ភ្នំពេញ)៖ ខណៈកម្មវិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ មានប្រជាពលរដ្ឋចូលរួមលើសពីការកំណត់ទាំងក្នុង និងក្រៅពហុកីឡដ្ឋានជាតិមរតកតេជោ អាជ្ញាធររាជធានីភ្នំពេញ បានជំរុញឲ្យមានការពង្រឹង បន្ថែមទៀត លើកិច្ចការពារសន្តិសុខ និងសណ្តាប់ធ្នាប់នៅថ្ងៃបិទព្រឹត្តិការណ៍ប្រកួតកីឡានេះ ដើម្បីធ្វើយ៉ាងណាឲ្យព្រឹត្តិការណ៍នាថ្ងៃទី១៧ ខែឧសភា ដំណើរការទៅដោយរលូន និងទទួលជោគជ័យជូនជាតិ។
ការជំរុញឲ្យមានការពង្រឹងបន្ថែមលើការងារខាងលើនេះ បានធ្វើឡើងនារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំត្រៀមបិទព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមានការចូលរួមពីអាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ចទាំង២ប្រភេទ។
លោក ឃួង ស្រេង បានលើកឡើងថា «កិច្ចការងារការពារសន្តិសុខ ជារឿងសំខាន់ ដែលយើងទាំងអស់គ្នា ក្នុងនាមអាជ្ញាធរ មានសមត្ថកិច្ចត្រូវយកចិត្តទុកដាក់ខ្ពស់ បើទោះបីកាលពីថ្ងៃបើកព្រឹត្តិការណ៍ប្រកួតកីឡានេះ យើងទទួល បានជោគជ័យ និងទទួលបានការកោតសរសើរពីគ្រប់មជ្ឈដ្ឋានយ៉ាងណាក៏ដោយ»។
បន្ថែមពីនេះសម្រាប់ការរៀបចំផ្សាយបន្តផ្ទាល់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ទាំង៧ទីតាំង ក៏ត្រូវតែរៀបចំឡើងឲ្យកាន់តែល្អជាងមុន ដើម្បីឲ្យប្រជាពលរដ្ឋបានទស្សនាកំសាន្ត។ កិច្ចប្រជុំនេះ ក៏បានផ្តោតសំខាន់ទៅ លើការរៀបចំសណ្តាប់ធ្នាប់ទាំងក្នុង និងក្រៅពហុកីឡដ្ឋានជាតិមរតកតេជោនេះផងដែរ ដោយសារតែមានប្រជាពលរដ្ឋបានទៅចូលរួមទស្សនាលើសពីការកំណត់ ដែលអាជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ចត្រូវត្រៀមទុកជាមុន អោយរួចរាល់។
លោកឧត្ថមសេនីយ៍ ចេវ ហាក់ ស្នងការរងរាជធានីភ្នំពេញ បានបញ្ជាក់ថា កាលពីថ្ងៃបើកកម្មវិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ មានប្រជាពលរដ្ឋចូលរួមលើសពីការកំណត់ទាំងក្នុង និងក្រៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយនៅខាងក្នុងកំណត់ត្រឹម៥ម៉ឺននាក់ឡើងដល់ប្រមាណ៦ម៉ឺននាក់ ខាងក្រៅស្តាតប្រមាណ២ម៉ឺនទៀត សរុបប្រមាណ៨ម៉ឺននាក់។
តែសម្រាប់ថ្ងៃបិទព្រឹត្តិការណ៍ប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី៣២នេះ អាចនឹងមានអ្នកចូលរួមច្រើនជាងពេលបើក។ ដូច្នេះទេយើងត្រូវតែពង្រឹងបន្ថែមទៅតាមការណែនាំរបស់លោកអភិបាលរាជធានី ទាំងកិច្ចការពារសន្តិសុខ និងសណ្តាប់ធ្នាប់ ដើម្បីឲ្យព្រឹត្តិការណ៍នាថ្ងៃទី១៧ ខែឧសភាខាងមុខនេះ ដំណើរការទៅដោយរលូន និងទទួលជោគជ័យជូនប្រទេសជាតិរបស់យើង។
គួរបញ្ជាក់ថា នៅថ្ងៃទី១៧ ខែឧសភាខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីបិទព្រឹត្តិការណ៍ ប្រកួតកីឡាស៊ីហ្គេមនេះ៕