(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមជាមួយ លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីបំពាក់គ្រឿងឥស្សរិយយស ជូនក្រុមគ្រូពេទ្យវេជ្ជសាស្រ្ត បូរាណចិន នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា ស្ថិតក្រោមការប្តេជ្ញាចិត្តដ៏មុតមាំរបស់មេដឹកនាំ កំពូលប្រទេសទាំងពីរ ជាពិសេសរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងលោក ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរត្រូវបានបង្កើនឡើងជាលំដាប់ និងឈានដល់កម្រិតកំពូលគឺ «កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ» និងកំពុងតែអនុវត្ត «ផែនការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន» គម្រោងជំនួយឥតសំណងជាច្រើន មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ខេត្តត្បូងឃ្មុំ ការផ្តល់រថយន្តសង្រ្គោះបន្ទាន់ចំនួន ២០០គ្រឿង ការផ្តល់គ្លីនិកចល័តចំនួន ៤០គ្រឿង និងឧបករណ៍បរិក្ខារវេជ្ជសាស្រ្តជាច្រើន ជាពិសេស ក្នុងអំឡុងពេល ដែលពិភពលោកទាំងមូលរងនូវការរីករាលដាលជំងឺកូវីដ-១៩ សាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ជំនួយសង្រ្គោះបន្ទាន់ដើម្បីការពារ ទប់ស្កាត់ និងឆ្លើយតបការរាតត្បាតជំងឺកូវីដ-១៩ ដូចជា៖

* បញ្ជូនអ្នកជំនាញការមកពីតំបន់ស្វយ័តខេត្តក្វាងស៊ី ចំនួន៧រូប រយៈពេល១៥ថ្ងៃ ដើម្បីផ្តល់ជំនួយបច្ចេកទេសដល់មន្រ្តីសុខាភិបាលកម្ពុជា ក្នុងការរៀបចំឯកសារតម្រូវការផ្សេងៗ

* ផ្តល់សម្ភារៈបរិក្ខារវេជ្ជសាស្រ្តសម្រាប់បម្រើឱ្យការងារការពារ ទប់ស្កាត់ និងឆ្លើយតបការរាតត្បាត នៃជំងឺកូវីដ-១៩ តាមរយៈរដ្ឋាភិបាល សមាគម និងក្រុមហ៊ុននានារបស់សាធារណរដ្ឋប្រជាមានិតចិន រួមមាន៖១៖ ម៉ាស៊ីនសម្រាប់ធ្វើតេស្តរកវីរុសកូវីដ-១៩ និងសម្ភារៈបរិក្ខារមន្ទីរពិសោធន៍សម្រាប់បំពាក់ឱ្យមន្ទីរពិសោធន៍ នៃមន្ទីរពេទ្យខេត្តព្រះសីហនុ, ២៖ម៉ាស៊ីនសម្រាប់ធ្វើតេស្តរកវីរុសកូវីដ-១៩ និងកញ្ចប់តេស្តរកវីរុសកូវីដ-១៩ ៣៖ ម៉ាស៊ីនជំនួយដកដង្ហើម, ៤៖ សម្លៀកបំពាក់សុវត្ថិភាពសម្រាប់ មន្រ្តីសុខាភិបាល, ៥៖ ម៉ាស់ N95 ៦៖ ម៉ាស់វះកាត់ និង៧៖ សម្ភារៈបរិក្ខារផ្សេងៗមួយចំនួនទៀត

* ផ្តល់ជំនួយ និងសម្របសម្រួលក្នុងការទិញវ៉ាក់សាំងកូវីដ-១៩ បានទាន់ពេលវេលា ដែលមាន ចំនួនសរុបជាង ២៨លានដូស។

* កិច្ចសហប្រតិបត្តិការវេជ្ជសាស្រ្តបុរាណចិនក្នុងការព្យាបាលជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ព្រះកុសុមៈ។

លោករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់ថា សមិទ្ធផលដ៏ធំធេងនេះ កើតចេញពីការដឹកនាំប្រកបដោយ ស្មារតីបុរេសកម្ម ចក្ខុវិស័យវែងឆ្ងាយ ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជាពិសេសការរក្សាបានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ការគ្រប់គ្រងបានជំងឺកូវីដ-១៩ ការរក្សាកំណើនសេដ្ឋកិច្ច និងលំនឹងជីវភាព ប្រជាជន ការលើកកម្ពស់កិត្យានុភាពកម្ពុជានៅលើឆាកតំបន់ និងអន្តរជាតិ តាមរយៈនយោបាយការបរទេស ឯករាជ្យដោយផ្អែកលើច្បាប់។

កម្ពុជាកំពុងរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ក្នុងបរិយាកាសមហោឡារិក អធឹកអធម ល្បីខ្ទរខ្ទាទូទាំងព្រះរាជាណាចក្រកម្ពុជា ក្នុងតំបន់ និងនៅលើសកលលោក។ ដូច្នេះតម្លៃសន្តិភាព ដែលកម្ពុជាកំពុងតែមាន និងខិតខំថែរក្សានៅ ពេលនេះ គឺពិតជាកត្តាសំខាន់បំផុត ដែលបងប្អូនជនរួមជាតិកម្ពុជាទាំងអស់ ត្រូវតែចងចាំជានិច្ច និងចូលរួមថែរក្សាការពារសន្តិភាពនេះឱ្យឋិតថេរជាអមតៈ។ នេះតាមបញ្ជាក់បន្ថែមរបស់លោករដ្ឋមន្ដ្រី។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីក៏បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិន ជាពិសេសលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា តែងតែសម្របសម្រួលក្នុងការផ្តល់ជំនួយជូនរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសវិស័យសុខាភិបាល និងបាន ប្រសិទ្ធពរចំណងមិត្តភាពកម្ពុជា-ចិន ស្ថិតស្ថេររឹងមាំជាអមតៈ។

ទន្ទឹមនឹងនោះ លោកឯកអគ្គរដ្ឋទូតចិន បានគូសរំលេចថា ឆ្នាំ២០២៣នេះ គឺជាខួបអនុស្សាវរីយ៍លើកទៅទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន-កម្ពុជា និងជាឆ្នាំមិត្តភាពចិន-កម្ពុជា ភាគីចិនរីករាយសហការជាមួយកម្ពុជា អនុវត្តរួមគ្នាស្តីពីកុងសង់ស៊ីស ដែលថ្នាក់ដឹកនាំទាំងពីរកំណត់ជូន បន្តនិងផ្សព្វផ្សាយចំណងមិត្តភាពជាប្រពៃណីរវាងចិន និងកម្ពុជា លើកកម្ពស់កិច្ចសហប្រតិបត្តិការទំានាក់ទំនង នៃប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ ដូចជាការបង្ការ និងព្យាបាលជំងឺឆ្លង ឱសថបុរាណ និងបណ្តុះបណ្តាលធនធានមនុស្សផ្នែកសុខាភិបាល ពង្រឹងការសម្របសម្រួលកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ក្នុងវិស័យសុខាភិបាលក្រោមក្របខណ្ឌពហុភាគីចិន-អាស៊ាន ជំរុញការកសាងសហគមន៍វាសនារួមរវាងចិន-កម្ពុជា និងសហគមន៍សុខាភិបាលរួម ចិន-កម្ពុជា ឱ្យទទួលបានលទ្ធផលផ្លែផ្កាថ្មី រួមចំណែកកាន់តែធំធេង ក្នុងការផ្តល់អត្ថប្រយោជន៍ជូនដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរចិន-កម្ពុជា៕