(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ បានរៀបចំពិធីថ្វាយព្រះពរព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧០យាងចូល ៧១ព្រះវស្សា។ពិធីនេះស្ថិតក្រោមវត្តមាន លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និងលោក ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចុលរួមពីថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ តាមមន្ទីរ អង្គភាព ជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ លោក អភិបាល ក្រុង ស្រុក ទាំង៥។

នៅក្នុងឱកាសនោះដែរ លោក ប៉ែន កុសល្យ បានអានសារលិខិតថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏នក្ខត្តឫក្ស មហាមង្គល បវរមហាប្រសើរ នៃពិធីបុណ្យចម្រើនព្រះវស្សាគម្រប់ ៧០ យាងចូល ៧១ព្រះវស្សា ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ទូលព្រះបង្គំជាខ្ញុំ ក្នុងនាមតំណាងឱ្យក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ សូមព្រះបរមរាជានុញ្ញាតលំឱនកាយវាចាចិត្ត ក្រាបបង្គំទូលថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល មហាប្រសើរគ្រប់ប្រការ ប្រកបដោយក្តីកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះព្រះរាជបញ្ញាញាណឈ្វេងយល់ដ៏ឈ្លាសវៃ ព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ប្រកបដោយទសពិធរាជធម៌ របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គតែង តែប្រោសព្រះរាជទានព្រះមហាករុណាទិគុណដល់ប្រជារាស្ត្រនៅទូទាំងព្រះរាជាណាចក្រកម្ពុជាកន្លងមក។

ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា ចងចាំជានិច្ចនូវព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ក្នុងការចំណាយព្រះបញ្ញាញាណ ព្រះកាយពលគ្រប់ពេលវេលា ក្នុងបុព្វហេតុជួយដល់ជាតិ មាតុភូមិ និងប្រជារាស្ត្ររបស់ព្រះអង្គ ប្រកបដោយព្រះរាជហឫទ័យមហាសប្បុរស សណ្តោសប្រោសប្រណីដ៏ថ្លៃថ្លាជាទីបំផុត រកអ្វីមកប្រៀបផ្ទឹមពុំបានឡើយ។

នៅក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះវស្សាដ៏ឧត្ដុង្គឧត្តមថ្លៃថ្លានេះ ទូលព្រះបង្គំជាខ្ញុំទាំងអស់ សូមព្រះបរមរាជានុញ្ញាតបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី ទេវតាឆ្នាំថ្មី ទេវតារក្សាមហាស្វេតច្ឆ័ត្រ ព្រះបារមីនៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រមទាំងវត្ថុស័ក្តិសិទ្ធទាំងឡាយក្នុងលោក សូមប្រោសប្រទាននូវទឹកមន្តអម្រឹត ប្រសិទ្ធិពរជ័យថ្វាយ ព្រះករុណា ព្រះបាទសម្ដេចព្រះបរបនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គ មានជន្មាយុយឺនយូរជាងរយព្រះវស្សា ព្រះរាជសុខភាពល្អបរិបូរណ៌ ព្រះកាយពលមាំមួន ដើម្បីគង់ប្រថាប់ ក្នុងព្រះបរមសិរីរាជសម្បត្តិ ជាមហាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់ប្រជារាស្ត្រខ្មែរនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ជានិច្ចនិរន្តរ៍តរៀងទៅ៕