(កំពង់ចាម)៖ លោក ចាយ បូរិន អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម និងលោកស្រី លោកឧកញ៉ា ចាយ ស៊ាងអុី និងលោកស្រី នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០១៦ នេះ បាននាំយកទៀនព្រះវស្សា និងទេយ្យវត្ថុមួយចំនួន ប្រគេនព្រះភិក្ខុ ព្រះសង្ឃដែលគង់ចាំ ព្រះវស្សាចំនួន ១០វត្ត ក្នុងក្រុងកំពង់ចាមនិងស្រុកកំពង់សៀម ខេត្តកំពង់ចាម តាមពុទ្ធវិន័យ ក្នុងព្រះពុទ្ធសាសនា។
នៅក្នុងពិធីសំណេះសំណាល នាឱកាសនោះក្រៅពីការពាំនាំ ការសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ថ្នាក់ដឹកនាំ រដ្ឋសភាជាតិ ព្រឹទ្ធសភា និងរាជរដ្ឋាភិបាល លោកអ្នកតំណាងរាស្រ្ត ក៏បានទូលប្រគេនព្រះសង្ឈ លោកយាយ លោកតា និងប្រជាពលរដ្ឋ ដែលចូលរួមក្នុងអង្គពិធី បានយល់ជ្រាបពី សភាពការណ៍វិវត្តថ្មីៗទាំងនយោបាយ សេដ្ឋកិច្ចនៅកម្ពុជា។
លោកអ្នកតំណាងរាស្រ្ត ក៏បានក្រើនរំលឹកជំរុញលើកទឹកចិត្ត ឱ្យកសិករយកចិត្តទុកដាក់លើការងារ បង្កបង្កើនផល ដើម្បីលើកតម្កើងជីវភាពរស់នៅ ឱ្យបានកាន់តែប្រសើរ ថែមមួយកម្រិតទៀត។
ជាមួយគ្នានោះលោកអ្នកតំណាងរាស្រ្ត ក៏បានថ្លែងអំណរគុណ និងជំរុញលើកទឹកចិត្តចំពោះព្រះសង្ឈ លោកយាយ លោកតា ពូមីងដែលជានិច្ចជាកាលតែងតែ ចូលរួមគាំទ្រដល់ច្បាប់ និងសារាចរណែនាំ នានារបស់រាជរដ្ឋាភិបាល តាមរយ:ការអប់រំ ផ្សព្វផ្សាយបន្តដើម្បីឱ្យកូនចៅ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានចៀសផុតពីអំពើញុះញ៉ុង បោកប្រាស់បង្កហឹង្សាក្នុងមូលដ្ឋាន ពីសំណាក់ក្រុមមនុស្ស អសីលធម៌ ឬក្រុមអ្នកនយោបាយផ្សេងៗ៕