(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លែងថា មន្ត្រីយើងដែលមានតំណែងតួនាទី ត្រូវបំពេញការងារឲ្យកាន់តែមានប្រសិទ្ធភាព សំដៅបម្រើដល់ផលប្រយោជន៍សាធារណៈ ជូនប្រជាជនទូទៅ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ដើម្បីធានាបាននូវគុណភាព នៃការបំរើសេវាដល់ពលរដ្ឋយើង ជាមួយនឹងទឹកមុខស្រស់ស្រាយ ហាមសំដីថ្លោស មុខមិនមើល ខ្នងមិនបែរដាក់ប្រជាជន មិនល្អទេ ។

លោកបានថ្លែងយ៉ាងដូច្នេះ នៅគ្រាដែលលោកអញ្ជើញ ជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់អគាររដ្ឋបាលសាលាស្រុកស្អាង នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ។

លោកអភិបាលខេត្ត បានបន្តថា អគាររដ្ឋបាលសាលាស្រុកស្អាង ដែលកំពុងតែងសាងសង់នេះ គឺជាសមិទ្ធផលដ៏ធំធេងថ្មីបន្ថែមទៀត ជាមួយនឹងសមិទ្ធផលនានាជាច្រើនផ្សេងទៀត របស់ស្រុកស្អាង ក្នុងវិស័យសេដ្ឋកិច្ច-សង្គម ដែលជាទីកន្លែងសម្រាប់មន្ត្រីរដ្ឋបាលស្រុក បំពេញការងារ ផ្តល់សេវា ផ្តល់នូវពុទ្ធិ ប្រកបដោយសោភ័ណភាព ផាសុកភាព សមធម៌ និងបរិយាប័ន្ន ស្របតាមគោលនយោបាយ យុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន។

លោកអភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំក្រុមប្រឹក្សា និងគណៈអភិបាលស្រុកស្អាង អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមសហការជាមួយរដ្ឋបាលខេត្ត ក្នុងការបើកការរដ្ឋានសាងសង់អគាររដ្ឋបាលស្រុកស្អាងនេះឡើង ដើម្បីបំពេញការងារ ឲ្យកាន់តែមានប្រសិទ្ធភាព សំដៅបម្រើដល់ផលប្រយោជន៍សាធារណៈ ជូនប្រជាជនទូទៅប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។

សូមជម្រាបថា អគាររដ្ឋបាល ស្រុកស្អាងដែលកំពុងសាងសង់មានទំហំ ២៨ម៉ែត្រ គុណ១៣ ម៉ែត្រ កម្ពស់២ជាន់ ស្ថិតនៅភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង៕