(ព្រះវិហារ)៖ អណ្តូងទឹក និងអាងទឹកដែលជាជំនួយមនុស្សធម៌របស់សប្បុរសជនខ្មែរនៅអាមេរិក នៅភូមិបុះព្រៃ(ថ្មី) ឃុំរុងរឿង ស្រុករវៀង ខេត្តព្រះវិហារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ក្រោមវត្តមាន លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង ដោយមានការចូលរួមពីអាជ្ញាធរភូមិ ឃុំ ព្រះសង្ឃ និងប្រជាពលរដ្ឋជាច្រើនរូបទៀត។
នៅក្នុងឱកាសនោះ លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង បានផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ផ្ញើជូនអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំសមត្ថកិច្ចពាក់ព័ន្ធ ព្រះសង្ឃ ប្រជាពលរដ្ឋដែលបានចូលរួម ក្នុងពិធីនេះ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទូទាំងស្រុករវៀងទាំងមូលផងដែរ។
អភិបាលស្រុករវៀង ក៏បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ពីការអភិវឌ្ឍគ្រប់វិស័យរបស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រជាពលរដ្ឋ មានជីវភាពធូរធា និងមានសិទ្ធិសេរីភាពគ្រប់បែបយ៉ាង។
លោកថា «ស្រុករវៀងយើងនៅពេលខាងមុខដ៏ខ្លីនេះ នឹងទទួលបានផ្លូវកៅស៊ូចំនួន៦ខ្សែបន្ថែមទៀត ដើម្បីឱ្យប្រជាពលរដ្ឋបានធ្វើដំណើរ និងដឹកជញ្ជូនកសិផលមានភាពងាយស្រួល»។
ជាមួយគ្នានេះលោក ហោ ប៊ុនហួរ បានថ្លែងអំណរគុណសប្បុរសជនខ្មែរនៅប្រទេសអាមេរិក ដែលបានលះបង់ធនធានផ្ទាល់ខ្លួន ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ជាមួយអាជ្ញាធរមូលដ្ឋាន ផ្តល់អណ្តូងទឹកស្អាត និងអាងទឹក សម្រាប់បងប្អូនប្រជាពលរដ្ឋយើងប្រើប្រាស់។
លោកអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមថែទាំសមិទ្ធផលនេះ ប្រយោជន៍ឱ្យការប្រើប្រាស់បានយូអង្វែង និងត្រូវបំពេញកាតព្វកិច្ចជាពលរដ្ឋ ចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភានៅខែកក្កដាខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា។
ក្នុងឱកាសនោះ លោកអភិបាលស្រុករវៀង ក៏បានកាត់ខ្សែបូរណ៍សម្ពោធដាក់ឱ្យដំណើរការអណ្តូងទឹកស្អាត អាងទឹក ឱ្យប្រជាពលរដ្ឋប្រើប្រាស់ចាប់ពីថ្ងៃនេះតទៅ និងបានចែកអំណោយជូនប្រជាពលរដ្ឋដែលបានចូលរួម ក្នុងម្នាក់ៗទទួលបាន វ៉ែនតា០១ ថ្នាំបន្តក់ភ្នែក០១ដប សារុង០១ និងថវិកា១០,០០០រៀលផងដែរ៕