(ក្រចេះ)៖ លោក គង់ គឹមនី អនុប្រធានក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានស្រុកស្នួល នៅល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញប្រកាសបញ្ចូលសមាជិកថ្មី នៃគណបក្សប្រជាជនកម្ពុជាចំនួន១២៦នាក់ មកពីភូមិចំនួន២ គឺភូមិមិល និងភូមិស្រែថ្មី ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។
លោក គង់ គឹមនី បានលើកឡើងថា បងប្អូនបានមើលឃើញយ៉ាងច្បាស់នូវគោលនយោបាយក្នុងការដឹកនាំប្រទេស និងគុណបំណាច់ដ៏មហាធំធេងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានសង្គ្រោះជាតិ ឲ្យរស់ឡើងវិញ រួចផុតពីរបបប្រល័យពូជសាសន៍នាថ្ងៃ៧ មករា ១៩៧៩ និងបានទប់ស្កាត់មិនឲ្យរបបដ៏យង់ឃ្នងនេះវិលត្រឡប់មកវិញ ដោយដណ្តើមមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាពគ្រប់យ៉ាង កិត្តិយសសេចក្ដីថ្លៃថ្នូរ និងលទ្ធិប្រជាធិបតេយ្យ ដែលបានបាត់បង់ក្នុងរបបប្រល័យពូជសាសន៍។
លោកបានលើកទឹកចិត្តសមាជិកសមាជិកា ឲ្យយល់កាន់ច្បាស់ពីគណបក្សប្រជាជនកម្ពុជា ក្នុងការស្ដារខឿនសេដ្ឋកិច្ចសង្គមឡើងវិញជាជំហានៗ តាំងពីលេខសូន្យរហូតមានការរីកចម្រើនយ៉ាងខ្លាំងដូចបច្ចុប្បន្ន ហើយ បានទាក់ទាញបានអ្នកវិនិយោគទុនក្នុងប្រទេស និងក្រៅប្រទេស បង្កើនបានការងារ និងមុខរបរជូនប្រជាជន។
ជាមួយគ្នានេះ គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល បានកសាងសមិទ្ធផលលើគ្រប់វិស័យមានផ្លូវ ស្ពាន ទំនប់ប្រឡាយ មណ្ឌលអភិវឌ្ឍ សាលារៀន មន្ទីរពេទ្យ វត្តអារាម ដែលធ្វើឲ្យជីវភាពប្រជាជនកាន់តែបានល្អ ប្រសើរឡើង និងបានអនុវត្តប្រកបដោយជោគជ័យនូវការកែទម្រង់រដ្ឋដ៏ស៊ីជម្រៅ ដែលធានាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ប្រកបដោយចីរភាព និងការលើកកម្ពស់ជីវភាពប្រជាជន មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទៀតផង៕