(ព្រះវិហារ)៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹងស្តីពីការបើកការដ្ឋានជួសជុលពង្រីកកំណាត់ផ្លូវជាតិលេខ៦២ ក្នុងភូមិភ្នំដែក ឃុំរម្មណីយ៍ ស្រុករវៀង។

សេចក្តីជូនដំណឹងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ បានបញ្ជាក់ថា មន្ទីរនឹងបើកការដ្ឋានជួសជុលពង្រីកកំណាត់ផ្លូវជាតិ លេខ៦២ដោយក្រាលកៅស៊ូប្រភេទ (DBST)ប្រវែង៥៥០ម៉ែត្រ ដោយពង្រីកទទឹង៥ម៉ែត្រសង្ខាង ព្រមទាំងផ្លូវបំបែកខ្វែង៦០ម៉ែត្រ ដាក់លូអ៊ុយតាមបណ្តោយផ្លូវប្រវែង៨៨០ម៉ែត្រ ដាក់លូតាមបណ្តោយផ្លូវមុខកាត់ ០,៨ម៉ែត្រ ប្រវែង៤៥០ម៉ែត្រ និងរឺហ្កែចំនួន១៧កន្លែង ចាប់ពី គ.ម៦៧+៩៥០ដល់គ.ម៦៨+៥០០ ដោយគ្រោងងបើកការដ្ឋាននៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ។

ជាមួយគ្នានេះ មន្ទីរសាធារការ និងដឹកជញ្ជូនខេត្តព្រះវិហារ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់លំនៅដ្ឋាន និងទីតាំងអាជីវកម្ម ដែលស្ថិតតាមបណ្តោយទីតាំងការដ្ឋានជួសជុលពង្រីកផ្លូវខាងលើនេះ ចូលរួមសហការរុះរើសំណង់ផ្សេងៗ ដែលបានសាងសង់រំលោភដីចំណីផ្លូវ ឱ្យបានរួសរាន់មុនពេលថ្ងៃបើកការដ្ឋានមកដល់៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ៖