(ពោធិ៍សាត់)៖ លោក សេង ទៀង ជំនួយការ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមដំណើរដោយលោកស្រី ប៊ុក ណាឌី អភិបាលរងខេត្តពោធិ៍សាត់ តំណាងលោក ខូយ រីដា អភិបាលខេត្ត នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញចុះសំណេះសំណាល និងនាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅប្រគល់ជូនចៅភ្លោះ៣នាក់ គឺស្រីទាំង៣ ដែលទើបនឹងសំរាលដល់គេហដ្ឋាន ស្ថិតក្នុងភូមិពោធិ៍អង្ក្រង ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក សេង ទៀង មានប្រសាសន៍ថា អំណោយដែលផ្តល់ជូនក្រុមគ្រួសារ កូនភ្លោះស្រីទាំង៣នាពេលនេះ គឺសម្តេចមិនបានប្រកាន់ពូជសាសន៍នោះទេ ហើយក៏មិនប្រកាន់និន្នាការនយោបាយនោះដែរ ឲ្យតែបងប្អូនប្រសូត បានកូនភ្លោះ៣ គឺកូនទាំងនោះ ជាចៅរបស់សម្តេច ហើយនឹងទទួលបានអំណោយដូចៗគ្នា។

ហើយមកដល់ពេលនេះ ការមកចែកអំណោយ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់កូនភ្លោះទាំង៣នាក់នេះ។

គួរជម្រាបជូនថា កូនភ្លោះស្រីទាំង៣នាក់ខាងលើ ជាកូនរបស់លោកស្រី ជា រុន (ស្ត្រីមេម៉ាយ ប្តីទើបស្លាប់) បច្ចុប្បន្នរស់នៅភូមិពោធិ៍អង្ក្រង ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ចំពោះអំណោយ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានប្រគល់ជូន ដល់កូនភ្លោះទាំង៣ខាងលើ មានដូចជា៖ អង្ករ៥០គីឡូក្រាម សារុង២ ក្រមា២ ស្ករស៥គីឡូក្រាម និងថវិកា៥លានរៀលផងដែរ៕