(ស្នួល-ក្រចេះ)៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តក្រចេះ រួមជាមួយសហការីជាមន្ត្រីគណបក្សនៅថ្នាក់ជាតិ ខេត្ត និងមូលដ្ឋាន បានជួបសំណេះសំណាលជាមួយតំណាងប្រជាពលរដ្ឋដែលជាប្រធាន និងអនុប្រធានក្រុមបក្សក្នុងភូមិទាំង១១នៅឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។

ពិធីនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ក្នុងបរិវេណវត្តឧត្តមមានជ័យសិរីមហាតេជោ ហៅវត្តជ្រោះជ្រៅ ស្ថិតនៅក្នុងឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ដោយមានការចូលរួមពីសំណាក់បេក្ខជនឈរឈ្មោះបោះឆ្នោតតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជាសម្រាប់មណ្ឌលខេត្តក្រចេះ លោកអនុប្រធានប្រចាំការគណបក្សខេត្ត លោកប្រធានគណបក្សស្រុកស្នួល លោកប្រធាន អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងលោក លោកស្រី ជាប្រធាន អនុប្រធានគណបក្សស្រុកស្នួល និងឃុំទាំង៦ គណៈសាខាបក្សភូមិ យុវជនគណបក្ស ព្រមទាំងមន្ត្រីមូលដ្ឋានក្នុងឃុំគ្រញូងសែនជ័យសរុបមានអ្នកចូលរួមប្រមាណជាង ៦០០នាក់។

បន្ទាប់ពីលោក សាម ណាល់ ប្រធានគណៈកម្មាធិការគណបក្សនិងជាអភិបាលស្រុកស្នួល បានធ្វើរបាយការណ៍ពីស្ថានភាពទូទៅ និងស្ថានការណ៍ជាក់ស្តែងនៃជីវភាពរស់នៅរបស់ប្រជាជននៅមូលដ្ឋានរួចមក លោករដ្ឋមន្ត្រី ព្រុំ សុខា បានថ្លែងមតិសំណេះសំណាលជាមួយអ្នកចូលរួមក្នុងអង្គពិធីទាំងមូល ដោយសង្កត់ធ្ងន់ពីសារៈសំខាន់នៃកិច្ចការពាររឹងមាំស្ថេរភាពនយោបាយ និងការរក្សាបានល្អនូវសន្តិសុខ សណ្តាប់ធ្នាប់សង្គម សម្រាប់ធានាឱ្យការបោះឆ្នោតជាតិនាខែកក្កដាខាងមុខ បានប្រព្រឹត្តទៅតាមលក្ខណៈប្រជាធិបតេយ្យ និងនីតិរដ្ឋ ដែលគណបក្សនយោបាយទាំងអស់បានចូលរួមប្រកួតប្រជែងដោយសេរី តម្លាភាព ក្នុងក្របខណ្ឌពហុបក្ស និងគ្មានអំពើហិង្សា។

អាស្រ័យហេតុនេះ មន្ត្រីក្រុមការងារ និងមន្ត្រីគណបក្សគ្រប់លំដាប់ថ្នាក់ត្រូវព្រួតដៃគ្នាច្បាមជាប់មូលដ្ឋានភូមិ ផ្សាភ្ជាប់សុខទុក្ខជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះ ពិសេសចំពោះមុខយកចិត្តទុកដាក់គ្រប់គ្រងសហគមន៍ និងលើកទឹកចិត្តការពង្រឹងពង្រីកសមាជិកបក្សតាមក្រុមនីមួយៗឱ្យបានល្អ បង្កលក្ខណៈឱ្យបងប្អូនរួមសាមគ្គី ជួយថែរក្សាគ្នា និងយល់ទុក្ខធុរៈគ្នាទៅវិញទៅមក បន្តជំរុញចលនាសកម្មភាពធ្វើអំពើល្អនៅមូលដ្ឋានជាប្រចាំ និងព្យាយាមដោះស្រាយរាល់ការថ្នាំងថ្នាក់របស់ប្រជាពលរដ្ឋ។ ជាបន្ទាន់ ត្រូវជួយយកអាសារទំនុកបំរុងជីវភាពប្រជាជនរងគ្រោះដោយផលប៉ះពាល់ពីកូវីដ-១៩ និងពីវិបត្តិផ្សេងៗទៀតឱ្យបានជាប់ជាប្រចាំ ដើម្បីចូលរួមចំណែកកាន់តែរឹងមាំជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីដែលបានដឹកនាំចលនាជាតិ ប្រយុទ្ធឈ្នះកូវីដ កំពុងខិតខំស្តារសេដ្ឋកិច្ច ជីវភាពសង្គមជាតិ ឱ្យងើបឡើងវិញយ៉ាងឆាប់រហ័ស មកកាន់ប្រក្រតីភាពជាធម្មតាឡើងវិញ។

ទន្ទឹមនោះ ត្រូវចូលរួមយ៉ាងសកម្មជាមួយចលនាប្រជាជននៅទូទាំងប្រទេសក្រោមមគ្គុទេសភាពដ៏ថ្លៃថ្លារបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ដែលបាននិងកំពុងបង្កើតសមិទ្ធផលធំធេង តាមរយៈជោគជ័យរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានកន្លងទៅថ្មីៗនេះ និងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម SEA GAME) ដ៏អស្ចារ្យ ដែលបានលើកកម្ពស់កិត្យានុភាពពោរពេញដោយមោទនភាពជាតិកម្ពុជាលើឆាកអន្តរជាតិ សំដៅប្រែក្លាយដោយពិតប្រាកដស្នាដៃជាប្រវត្តិសាស្រ្តរបស់យើងទាំងអស់គ្នានេះ ឱ្យទៅជាកម្លាំងចលករ បន្តជម្រុញខ្លាំងក្លាឧត្តមភាព ប្រៀបឈ្នះក្រោមម្លប់សុខសន្តិភាព វឌ្ឍនភាព និងវិបុលភាពសព្វទិសទីរបស់គណបក្សយើង ឈានឆ្ពោះទៅដណ្តើមជ័យជំនះទាំងស្រុងសម្រាប់ការបោះឆ្នោតជាតិ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នេះ ដើម្បីអនាគតដ៍រុងរឿងរបស់មាតុភូមិនិងប្រជាជនយើងគ្រប់ជំនាន់តរៀងទៅ។

សូមបញ្ជាក់ថា ឃុំគ្រញូងសែនជ័យ ជាឃុំទើបបង្កើតថ្មីនៅឆ្នាំ២០១៧ ដោយបានកាត់ចេញពីឃុំ២ធ្នូ និងឃុំខ្សឹម ដែលមានភូមិចាស់ចំនួន៤ភូមិ និងភូមិទើបបង្កើតថ្មីចំនួន ៧ភូមិ មានប្រជាពលរដ្ឋសរុបជិត២ម៉ឺននាក់៕