(ភ្នំពេញ)៖ បន្ទាប់ពីនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋានរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យទៅតុលាការនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ តំណាងអយ្យការ បានបញ្ចប់លើដំណាក់កាលបើកការរស៊ើបសួរហើយ និងបានសម្រេចចោទប្រកាន់លើជនត្រូវចោទទាំង២នាក់ រួចបន្តបញ្ជូនរឿងទៅកាន់ចៅក្រមស៊ើបសួរតាមនីតិវិធី។
សូមបញ្ជាក់ថា ការឃាត់ជនសង្ស័យទាំង២នាក់ បានធ្វើឡើងនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣។
ជនត្រូវចោទទាំង២នាក់រួមមាន៖
*ទី១៖ ឈ្មោះ អ៊ួង ចន្ទ័មករា អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះលេខ៣០ ផ្លូវលេខ២៣ ភូមិត្រពាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបនៅផ្ទះ ត្រូវបានចោទពីបទរំលោភលើទំនុកចិត្តដោយអភិបាល ឬបុគ្គលផ្សេងទៀត។
*ទី២៖ ឈ្មោះ ហួន សុគន្ធា អាយុ៣២ឆ្នាំ ស្នាក់នៅផ្ទះលេខ៣០ ផ្លូវលេខ២៣ ភូមិត្រពាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានចោទប្រកាន់ពីបទទទួលផលចោរកម្ម មានស្ថានទម្ងន់។
ដើមចមនៃបណ្តឹងក្នុងសំណុំរឿងប្តឹងចោទប្រកាន់លើជនសង្ស័យទាំង២នាក់នេះ ធ្វើឡើងតាមរយ:មេធាវីរបស់ដើមបណ្តឹង និងតាមដីកាបង្គាប់ឱ្យចូលខ្លួន ចុះថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ ដែលចេញដោយលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ៕