(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងភរិយា បានធានាការឧបត្ថម្ភរាល់ការចំណាយទាំងអស់ ទាំងការព្យាបាល ការស្នាក់នៅព្រមទាំងថ្លៃអាហារឧបត្ថម្ភ ដល់ប្អូនស្រី សៀប ស្រីរ៉ា អាយុ១៦ឆ្នាំ ជាសិស្សវិទ្យាល័យបួស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដែលមានជំងឺមហារីកជើងធ្ងន់ធ្ងរ។
ក្រោយទទួលបានព័ត៌មានថាប្អូនស្រីសៀប ស្រីរ៉ា អាយុ១៦ឆ្នាំ ជាសិស្សវិទ្យាល័យបួ រស់នៅភូមិអន្លង់ស្តី ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានជំងឺមហារីកជើងធ្ងន់ធ្ងរ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣នេះ លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងភរិយា បានចាត់ឲ្យក្រុមគ្រួសារពេទ្យមណ្ឌលសុខភាពបួ ស្រុកភ្នំព្រឹក បញ្ជូនមកព្យាបាល និងធ្វើការវះកាត់នៅមន្ទីរពេទ្យខេត្តបាត់ដំបង។
ពេលនេះដែរប្អូនស្រី និងក្រុមគ្រួសារបានមកដល់មន្ទីរពេទ្យ ដោយមានការយកចិត្តទុកពីសំណាក់ក្រុមគ្រូពេទ្យ និងត្រូវបានពិនិត្យតាមដែនដោយយកចិត្តទុកបំផុត។ ដោយស្ថានភាពជំងឺមហារីកជើងធ្ងន់ធ្ងរ និងដោយមានការ យល់ព្រមពីគ្រួសារ ប្អូនស្រីត្រូវបានបញ្ជូនចូលបន្ទប់វះកាត់ ដោយតម្រូវធ្វើការវះកាត់បន្ទាន់៕