(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបញ្ជាក់ថា មូលហេតុដែលរាជរដ្ឋាភិបាល និងរដ្ឋសភា មិនទៅគោរពវិញ្ញាណក្ខន្ធ លោកបណ្ឌិត កែម ឡី អ្នកវិភាគសង្គមនោះ ដោយសារតែមានក្រុមមួយចំនួនកំពុងតែ «កាង» សពនេះ។ នេះបើតាម លោក អ៊ុក គឹមសេង អ្នកនាំពាក្យក្រសួងព័ត៌មាន។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបញ្ជាក់បែបនេះ ក្នុងកិច្ចប្រជុំលើកទី៩ នៃក្រុមការងារបច្ចេកទេសតាក់តែងសេចក្តីស្តីពីសិទ្ធិទទួលព័ត៌មាន នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦នេះ។
លោក ឆាយ សុផល អ្នកសារព័ត៌មានជើងចាស់ ដែលបានចូលរួមកិច្ចប្រជុំខាងលើ បានសរសេរនៅលើទំព័រ Facebook ថា ក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន ក៏បានស្នើឱ្យអ្នកចូលរួម យអង្គប្រជុំឈរស្មឹងស្មាធិ៍ គោរពដល់វិញ្ញាក្ខន្ធ លោកបណ្ឌិត កែម ឡី ផងដែរ។
សូមជំរាបថា កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ កញ្ញា ធី សុវណ្ណថា និង លោក ស្រី ចំរើន ក៏ត្រូវបានក្រុមមនុស្សមួយចំនួន ដែលចោមរោមនៅក្នុងបុណ្យសពនោះជេរប្រមាថ និងរារាំង មិនឱ្យចូលគោរពវិញ្ញាណក្ខន្ធ លោកបណ្ឌិត កែម ឡី ផងដែរ៕