(បាត់ដំបង)៖ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ លោក UENO ATSUSHI ឯកអគ្គរាជទូតប្រទេសជប៉ុន ប្រចាំកម្ពុជា បានអញ្ជើញធ្វើពិធីប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន៣គ្រឿង រថយន្តពន្លត់អគ្គិភ័យចំនួន១គ្រឿង និងត្រាក់ទ័រចំនួន២គ្រឿង ដែលជាអំណោយរបស់ខេត្តអិហិមិ នៃប្រទេសជប៉ុន ជូនដល់រដ្ឋបាលខេត្តបាត់ដំបង ដែលមាន លោក សុខ លូ អភិបាលខេត្តបាត់ដំបង ជាអ្នកទទួល។

លោក សុខ លូ បានថ្លែងអំណរគុណដល់លោក UENO ATSUSHI ដែលបានដឹកនាំប្រតិភូរបស់ខេត្តអិហិមិ នៃប្រទេសជប៉ុន ដើម្បីមកប្រគល់រថយន្ត និងគ្រឿងចក្រខាងលើនេះ។

លោកបានបញ្ជាក់ថា ប្រជាជននៃប្រទេសជប៉ុន តែងតែបានជួយដល់កម្ពុជា លើគ្រប់វិស័យកន្លងមក លោកអភិបាលខេត្តបានថ្លែងអំណរគុណដល់ UENO ATSUSHI ដែលបានលះបង់ទាំងពេលវេលា និងគ្រឿងយន្តខាងលើ សម្រាប់យកមកប្រើប្រាស់ជាផលប្រយោជន៍របស់ប្រជាជនកម្ពុជាក្នុងខេត្តបាត់ដំបង។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏បានផ្តល់ប័ណ្ណថ្លែងអំណរគុណដល់សប្បុរសភាគីជប៉ុនផងដែរ៕