(ព្រៃវែង)៖ យ៉ាងហោចណាស់មនុស្សប្រុស ស្រី៧នាក់ បានរងរបួសធ្ងន់ស្រាល ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយរវាងរថយន្ត Ford បើកបុករថយន្តបាឡែន រួចបុករះជាមួយរថយន្ត៥គ្រឿង ដែលចតស្ងៀម ទើបបន្ដបុកចូលរោងការ។ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង០៨៖៣០នាទីយប់ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចមុខផ្ទះសំណាក់ផ្កាយព្រឹក លើផ្លូវជាតិលេខ១១ ស្ថិតនៅក្នុងភូមិស្គរដាច សង្កាត់តាកោ ក្រុងព្រៃវែង ខេត្តព្រៃវែង។

សមត្ថកិច្ចក្រុងព្រៃវែង បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត Ford និងរថយន្តបាឡែន បើកស្របគ្នាពីលិចទៅកើត ខណៈកំពុងបើកបរថយន្ត Ford ដែលបើកពីក្រោយ ទៅបុករថយន្តបាឡែន ដែលបើកខាងមុខ ហើយក៏រេចង្កូតទៅបុករថយន្ដដែលឈប់ស្ងៀមជាយផ្លូវ ចំនួន៥គ្រឿងបន្ថែមទៀត។ សមត្ថកិច្ចបានបន្តថា រថយន្តដែលបង្កគ្រោះថ្នាក់គឺ រថយន្តម៉ាក Ford ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2BD-7787 អ្នកបើកឈ្មោះ ស៊ុន ស៊ីថា ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិពោធិចិន្ដា ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរខេត្តព្រៃវែង រងរបួសធ្ងន់។

រថយន្តរងគ្រោះ រួមមាន៖ ទី១៖ Camry បាឡែន ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ2AQ-7758 អ្នកបើកឈ្មោះ វន្នី សូដា អាយុ៣៣ ឆ្នាំរស់នៅភូមិ ព្រងើយទី១ ឃុំថ្មពូនស្រុកកញ្ជ្រៀច រងរបួសស្រាល, ទី២៖ ហាយឡែនឌ័រ ទឹកមាស ពាក់ផ្លាកលេខភ្នំពេញ2AW-3129 ម្ចាស់ឈ្មោះ សាន សុភ័ក្រ្ត អាយុ៤៨ឆ្នាំ រស់នៅភូមិតាកោ សង្កាត់តាកោ ក្រុងព្រៃវែង, ទី៣៖ ម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ2AF-9725 ម្ចាស់ឈ្មោះ លាង ផល្លា អាយុ៥២ឆ្នាំ រស់នៅភូមិតាឡើក ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ, ទី៤៖ ម៉ាកលុចស៊ីស៣០០ ពណ៌ស ពាក់ផ្លាកលេខព្រៃវែង2B-8088 ម្ចាស់ឈ្មោះ ប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិស្គរដាច សង្កាត់តាកោ ក្រុងព្រៃវែង។ ដោយឡែក មនុស្ស៧នាក់ទៀត នៅក្នុងរោងការរងរបួសធ្ងន់ស្រាល។ សរុបអ្នករងរបួស៩នាក់។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈវត្ថុតាងត្រូវបានយកទៅរក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំតាកោ ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធី៕