(ភ្នំពេញ)៖ លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន បានថ្លែងអះអាងថា មិនគាំទ្រចំពោះការប៉ុនប៉ងប្រមូលផ្តុំកម្លាំង ដើម្បីប្រឆាំងនឹង គ.ជ.ប នោះទេ។ លោកចាត់ទុកថា ការគំរាមកំហែងប្រមូលផ្តុំកម្លាំង ដែលសម្រេចនៅក្នុងកិច្ចប្រជុំគណបក្សភ្លើងទៀន កន្លងទៅ គឺជាកំហុសដ៏ធ្ងន់ធ្ងរណាស់។

លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន បានថ្លែងយ៉ាងដូច្នេះថា «កាលពីថ្ងៃទី១២ (ខែឧសភា) មានការប្រជុំគណៈកម្មាធិការនាយកគណបក្សភ្លើងទៀន ខ្ញុំអត់បានចូលរួមទេ មានការខ្វល់ខ្វាយ គឺក្រុមខ្វល់ខ្វាយ​ មនុស្សមួយចំនួននៅក្នុងក្រុមដឹកនាំហ្នឹង គាត់អត់មានយល់ពីនីតិវិធី​ការងារ មិនសូវយល់ពីការអនុវត្តរដ្ឋបាល ហើយគាត់ឆ្លេឆ្លា គាត់អុចអាលឱ្យគណៈកម្មាធិការនាយកមានការសម្រេចថា គេមិនឱ្យដាក់បញ្ជីទេ ដូច្នេះយើងត្រូវមានកម្លាំងដើម្បីធ្វើកូដកម្ម ឬធ្វើអ្វី»«ខ្ញុំមិនបានដឹងទេ ខ្ញុំមិនបានចូលរួមទេ នេះគឺជាទង្វើដែលនាំឱ្យមានបញ្ហានៅថ្ងៃនេះ»

លោក សុន ឆ័យ បានបន្ថែមថា «យើងសូមបញ្ជាក់គ្នាថ្ងៃនេះ ទោះបីជាគ្នាតិចក៏ដោយ ខ្ញុំជឿថា ភាគច្រើនជាថ្នាក់ដឹកនាំរាជធានីភ្នំពេញ ខ្ញុំសូមឱ្យយើងមេត្តាធ្វើការងារឱ្យមានការទទួលខុសត្រូវ មិនមែនចង់ឱ្យចង់ឱ្យគណបក្ស ឬរាជរដ្ឋាភិបាលទទួលខុសត្រូវទេ យើងក៏ជាគណបក្សប្រឆាំងនេះក៏ទទួលខុសត្រូវដែរ លើការងារដែលយើងធ្វើ បើយើងចង់ឱ្យដំណើរការនៃការអនុវត្តប្រជាធិបតេយ្យនេះធ្វើទៅរលូន យើងក៏ត្រូវធ្វើទៅតាមអ្វីដែលជាគោលការណ៍អនុវត្តនៅក្នុងប្រទេសនេះដែរ។

យើងកុំមានការអាក់អន់ចិត្ត អន់ស្រពន់អី ព្រោះមកពីកំហុសរបស់យើងដែរ ខ្ញុំមិនបានអានខ្លឹមសារសេចក្តីប្រកាសកាលពីថ្ងៃទី១២ ខ្ញុំមិនដឹងនរណាសរសេរទេ គឺថាឱ្យពង្រឹងកម្លាំងមូលដ្ឋានដើម្បីត្រៀមអីអញ្ចឹងថា បើសិនណាគេមិនឱ្យយើងចូលបោះឆ្នោតទេ នឹងធ្វើអញ្ចេះធ្វើអញ្ចុះ ខុសធ្ងន់ធ្ងរណាស់ សូម្បីតែខ្លួនខ្ញុំក៏ខ្ញុំសោកស្តាយដែរ ដែលនាំគ្នាធ្វើអត់មានយកបញ្ញាមកប្រើ ធ្វើតាមកំហកកំហល់រញ៉េរញ៉ៃហ្នឹង យើងជាគណបក្សដឹកនាំមួួយដ៏ធំ ដែលមានការគាំទ្រលំដាប់ទី២ យើងថ្នាក់ដឹកនាំគណបក្សនាំគ្នាគិតរឿងដែលមិនមែនជារឿងសោះឱ្យទៅជារឿង បង្កការរំខានដល់ការងាររបស់យើង។