(រតនៈគិរី)៖ ដើម្បីពង្រឹងសមត្ថភាពមន្រ្តីលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនោះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបន្តយុទ្ធនាការ បណ្តុះបណ្តាលដល់មន្រ្តីទទួលបន្ទុកហិរញ្ញវត្ថុ នៃមន្ទីរអង្គភាពពាក់ព័ន្ធមកពីខេត្តរតនៈគិរី ខេត្តមណ្ឌលគិរី និង ខេត្តស្ទឹងត្រែង ប្រមាណ ១៦២នាក់។
វគ្គបណ្ដុះបណ្ដាល និងពង្រឹងសមត្ថភាពនេះ ត្រូវបានរៀបចំឡើងដោយវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តរតនៈគិរី ដែលមានរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ នៅសណ្ឋាគាររតនៈស៊ីធី ទីរួមខេត្តរតនៈគិរី។
ពិធីបើកវគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដោយអគ្គលេខាធិការ អគ្គលេខាធិការរង អគ្គនាយក អគ្គនាយករង នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោក លី វីន្ទ អភិបាលរង នៃគណៈអភិបាលខេត្តរតនៈគិរីផងដែរ។
លោក លី វីន្ទ អភិបាលរងខេត្តរតនៈគិរី បានមានប្រសាសន៍ថា កន្លងមកគ្រប់មន្ទីរ អង្គភាពនៅជុំវិញខេត្តរតនៈគិរី និងខេត្តដទៃទៀត នៅភូមិភាគឦសាន បានចូលរួមចំណែកយ៉ាងផុលផុស ក្នុងការអនុវត្តការកែទម្រង់សំខាន់ៗ និងសម្រេចបានសមិទ្ធផលជាវិជ្ជមានគួរជាទីមោទន ពិសេសសម្រាប់ការអនុវត្តការកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
លោកអភិបាលរង បានគូសបញ្ជាក់ផងដែរថា កន្លងមកខេត្តរតនៈគិរី នៅជួបប្រឈមបញ្ហាខ្លះៗ ក្នុងការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយសារតែកង្វះធនធានមនុស្ស ដែលមានចំណេះដឹង និង បទពិសោធន៍គ្រប់គ្រាន់។ ដូច្នេះលោកជឿជាក់ថា វគ្គបណ្តុះបណ្តាលស្តីពី «នីតិវិធីអនុវត្តថវិកាកម្មវិធីសម្រាប់អង្គភាពថវិកា» នេះ ពិតជាឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់មន្ទីរ អង្គភាពជុំវិញសាលាខេត្តរតនៈគិរី ក៏ដូចជាខេត្តមណ្ឌលគិរី និង ខេត្តស្ទឹងត្រែង។
ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះ លោកបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានវាយតម្លៃខ្ពស់ចំពោះវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានអនុវត្តខ្ជាប់ខ្ជួនតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់លោកបណ្ឌិតទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការសហការរៀបចំ និង អនុវត្តយុទ្ធនាការបណ្តុះបណ្តាល និង កសាងសមត្ថភាពនេះ ក្នុងគោលបំណងបង្កើនការយល់ដឹង និង ពង្រីកសមត្ថភាពថែមទៀតជូនមន្រ្តីរាជការនៃមន្ទីរ អង្គភាពពាក់ព័ន្ធរបស់ខេត្តរតនៈគិរី មណ្ឌលគិរី និង ស្ទឹងត្រែង សម្រាប់ចូលរួមអនុវត្តថវិកាកម្មវិធីពេញលេញ ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ភាពគ្រប់ជ្រុងជ្រោយ និងអនុលោមតាមក្រមសីលធម៌វិជ្ជាជីវៈជាធរមាន។
រដ្ឋលេខាធិការ ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈមានបួនដំណាក់កាល និង ឈានឡើងជាជំហានៗ ឆ្ពោះទៅរកគោលបំណងជាក់លាក់ នៅតាមដំណាក់កាលនីមួយៗ។ លោករដ្ឋលេខាធិការ បានបន្ថែមថា នៅដំណាក់កាលចាប់ផ្តើម ដើម្បីធានាប្រសិទ្ធភាព និងចីរភាព នៃការអនុវត្តការកែទម្រង់ខាងលើនេះ រាជរដ្ឋាភិបាលបានកំណត់នូវការដ្ឋានការងារធំៗបួនគឺៈ (១). ការងារប្រមូលចំណូល, (២). ការងារគ្រប់គ្រងការចំណាយ, (៣). ការងារគ្រប់គ្រង និងដោះស្រាយបំណុលកកស្ទះ និង (៤). ការងារកសាង និងអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការ។ ក្នុងនោះការបណ្តុះបណ្តាលនិងកសាងសមត្ថភាព បានចូលរួមចំណែកយ៉ាងសកម្មធ្វើឱ្យចលនា នៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈទាំងមូលប្រព្រឹត្ត ទៅប្រកបដោយបុរេសកម្ម និងទទួលជោគជ័យជាបន្តបន្ទាប់ក្នុងដំណាក់កាលទី១ និងទី២ ដែលជាមូលដ្ឋានដ៏រឹងមាំ សម្រាប់ការចាប់ផ្តើមអនុវត្តដំណាក់កាលទី៣ នៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលបានប្រកាសជាផ្លូវការនៅថ្ងៃទី២១ មីនា ២០១៦ កន្លងទៅ ដោយមានក្រសួងស្ថាប័នសរុប ២៥ រួមនឹងមន្ទីរ អង្គភាពពាក់ព័ន្ធត្រូវចូលរួមអនុវត្តថវិកា កម្មវិធីពេញលេញនេះ។
លោករដ្ឋលេខាធិការបានបន្ថែមថា នៅឆ្នាំ ២០១៧ ខាងមុខមានក្រសួងស្ថាប័នចំនួន ១១ ថែមទៀត រួមនឹងមន្ទីរ អង្គភាពពាក់ព័ន្ធ ត្រូវចូលរួមអនុវត្តការងារនេះ ហើយនៅឆ្នាំ ២០១៨ គ្រប់ក្រសួងស្ថាប័ន និងមន្ទីរ អង្គភាពពាក់ព័ន្ធ ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ នឹងត្រូវចូលរួមអនុវត្តថវិកាកម្មវិធីពេញលេញ សំដៅជំរុញការផ្សារភ្ជាប់ថវិកាទៅនឹងគោលបំណងគោលនយោបាយអាទិភាព ស្របតាមទិសដៅយុទ្ធសាស្រ្ដនៃកំណែទម្រង់ប្រព័ន្ធថវិកានៅកម្ពុជាឆ្នាំ ២០១៣-២០២០ ដែលមានគោលបំណងចម្បងគឺប្រែក្លាយប្រព័ន្ធថវិកា ឱ្យទៅជា «ឧបករណ៍គោលនយោបាយ» ពិតប្រាកដក្នុងការវិភាជ និង ប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព និង ឆ្លើយតបទៅនឹងសេចក្តីត្រូវការសំណូមពរ និង បំណងប្រាថ្នារបស់ប្រជាជន។
ម្យ៉ាងទៀត លោករដ្ឋលេខាធិការ ហ៊ាន សាហ៊ីប បានលើកឡើងថា ការអនុវត្តថវិកាកម្មវិធីពេញលេញ និង អង្គភាពថវិកា តម្រូវឱ្យមាន ការកែសម្រួលរចនាសម្ព័ន្ធគ្រប់គ្រងស្ថាប័ន នៃអង្គភាពថវិការបស់ក្រសួងស្ថាប័ន និង មន្ទីរអង្គភាពពាក់ព័ន្ធ។ ការណ៍នេះនាំឱ្យមានការផ្លាស់ប្តូរភារកិច្ចរបស់មន្រ្តីរាជការ បន្ថែមពីលើការផ្លាស់ប្តូរមន្រ្តីឬក្រុមមន្រ្តីគ្រប់គ្រងហិរញ្ញវត្ថុ ទៅតាមសេចក្តីត្រូវការនៃការផ្លាស់ប្តូរថ្នាក់ដឹកនាំ ដែលអាចកើតមានជាប្រក្រតី។
កត្តាទាំងអស់ខាងលើបញ្ជាក់ថា ការកែទម្រង់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានមកដល់ចំណុចរបត់ដ៏សំខាន់មួយដែលមានវិសាលភាពកាន់តែធំទូលាយ និង ស្មុគស្មាញ ដែលតម្រូវឱ្យគ្រប់ក្រសួងស្ថាប័ន និង អង្គភាពពាក់ព័ន្ធត្រូវបង្កើនឆន្ទៈ នៃភាពម្ចាស់ និងការចូលរួមអនុវត្តកាន់តែបុរេសកម្ម និង ខ្លាំងក្លាជាងមុន និង ត្រូវការមន្រ្តីរាជការដែលមានសមត្ថភាព និង កម្រិតជំនាញគ្រប់គ្រាន់ ស័ក្តិសមកាន់តែច្រើនថែមទៀតដើម្បីធានាចីរភាព, ប្រសិទ្ធភាព, តម្លាភាព, និងគណនេយ្យភាព ប្រកបដោយសីលធម៌វិជ្ជាជីវៈ ក្នុងការរៀបចំ និង អនុវត្តថវិកាកម្មវិធី និង អង្គភាពថវិកា។ ក្នុងន័យនេះហើយដែលបញ្ជាក់ថា យុទ្ធនាការបណ្តុះបណ្តាល និង កសាងសមត្ថភាពមន្រ្តីរាជការ ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកំពុងអនុវត្តនេះ នឹងត្រូវបន្តឱ្យកាន់តែសកម្ម និង ទូលំទូលាយថែមទៀតនៅពេលខាងមុខ ដើម្បីឲ្យ មានធនធានមនុស្សប្រកបដោយសមត្ថភាពគ្រប់គ្រាន់ និងសមស្របសម្រាប់បន្តអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឲ្យ សម្រេចបានជោគជ័យប្រកបដោយប្រសិទ្ធភាព និងចីរភាព៕