(ភ្នំពេញ)៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី ត្រូវបានទទួលស្គាល់ថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលបាន ផ្តល់សេវាធានារ៉ាប់រង ជូនអតិថិជនកម្ចីរបស់ខ្លួនច្រើនជាងគេ នៅព្រះរាជណាចក្រកម្ពុជា។ អេ អឹម ខេ បានចាប់ដៃគូជាមួយក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ (Forte Insurance) នៅក្នុងឆ្នាំ២០១៤។ ក្នុងពេលនោះ មានអតិថិជនចំនួនជាង ៩ពាន់ តែប៉ុណ្ណោះ ដែលបានប្រើប្រាស់សេវាធានារ៉ាប់រងនេះ។ ចំនួនអ្នកប្រើប្រាស់ សេវាធានារ៉ាប់រង បានកើនឡើងដល់ជាង១២ម៉ឺននាក់ ក្នុងឆ្នាំ២០១៥ និងជិត១៦ម៉ឺននាក់ គិតត្រឹមខែឧសភា ឆ្នាំ២០១៦នេះ។
លោក សួន ពិសី នាយកប្រតិបត្តិឥណទាន អេ អឹម ខេ បានមានប្រសាសន៍ថា «នៅពេលបច្ចុប្បន្ននេះ មាន អតិថិជនជាច្រើន បានយល់ដឹងអំពីអត្ថប្រយោជន៍ របស់សេវាធានារ៉ាប់រងខ្នាតតូចនេះ។ ក្នុងរយៈពេលបីឆ្នាំនេះ តម្រូវការលើសេវាធានារ៉ាប់រង របស់អតិថិជន អេ អឹម ខេ មានការកើនឡើងគួឲ្យកត់សម្គាល់។ យើងមានមោទនភាពខ្លាំងណាស់ ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលបានផ្តល់សេវាធានារ៉ាប់រង ជូនអតិថិជនច្រើនជាងគេ នៅកម្ពុជា។ ភាពជោគជ័យនេះ គឺអាស្រ័យដោយ អេ អឹម ខេ បានផ្តល់លក្ខណ្ឌងាយស្រួល អត្ថប្រយោជន៍ច្រើនលើសលប់ ជាពិសេសសេវាកម្មរហ័សទាន់ចិត្ត ជូនដល់អតិថិជនរបស់យើង។ គិតត្រឹមខែឧសភា ឆ្នាំ២០១៦នេះ អតិថិជនកម្ចីរបស់ អេ អឹម ខេ ជិត៥០% ត្រូវបានផ្តល់ជូនសេវា ធានារ៉ាប់រង!»។
អតិថិជន អេ អឹម ខេ ម្នាក់ គឺអ្នកស្រី ខែម សំអូន អាយុ៤៨ឆ្នាំ ដែលរស់នៅក្នុងភូមិបឹងព្រះ ស្រុកមេសាង ខេត្តព្រៃវែង ដែលបានទទួលការទូទាត់ប្រាក់សំណង ពីសេវាធានារ៉ាប់រងនេះពីរលើករួចមកហើយ អ្នកស្រីបានរៀបរាប់ថា ពីដំបូងអ្នកស្រី ធ្លាប់ឮពីសេវាធានារ៉ាប់រងនេះដែរ ប៉ុន្តែមិនបានយល់ច្បាស់ អំពីអត្ថប្រយោជន៍របស់វាទេ។ ប៉ុន្តែបន្ទាប់ពីបុគ្គលិក អេ អឹម ខេ ធ្វើការផ្សព្វផ្សាយ អំពីអត្ថប្រយោជន៍សេវាមក អ្នកស្រីក៏បានសម្រេចចិត្តទិញ សេវាធានារ៉ាប់រងនេះ។ ជាលទ្ធផលសេវាមួយនេះ បានជួយដល់គ្រួសារអ្នកស្រីច្រើនណាស់ ក្នុងការព្យាបាលជំងឺទាំងពីរលើក។
អ្នកស្រីសំអូន បានលើកឡើងថា «អរគុណ អេ អឹម ខេ ដែលបានផ្តល់សេវាធានារ៉ាប់រងដល់ខ្ញុំ បើមិនមានសេវាធានារ៉ាប់រងមួយនេះទេ គ្រួសាររបស់ខ្ញុំនឹងជួបបញ្ហាបង់ថ្លៃព្យាបាលជំងឺ និងឈានទៅរកការលក់ទ្រព្យសម្បត្តិ ក្នុងផ្ទះទៀតផង»។ អ្នកស្រី សំអូន ពេញចិត្តនឹងសេវាធានារ៉ាប់រង របស់ អេ អឹម ខេ នេះខ្លាំងណាស់ គាត់សន្យានឹងធ្វើការផ្សព្វសេវាមួយ នេះ ដល់អ្នកភូមិរបស់គាត់ ដើម្បីឲ្យអ្នកភូមិទាំងអស់ ប្រើប្រាស់សេវានេះគ្រប់ៗគា្ន។
អត្ថប្រយោជន៍ដែលអតិថិជនកម្ចី អេ អឹម ខេ ទទួលបានពីសេវាធានារ៉ាប់រងសុខភាព និងគ្រោះថ្នាក់៖
១. ឧបត្ថម្ភថ្លៃសម្រាកព្យាបាលនៅមន្ទីពេទ្យ២០.០០០ រៀល ក្នុង១ថ្ងៃ
២. ឧបត្ថម្ភថ្លៃវះកាត់ អតិបរមារហូតដល់ ៦០០.០០០ រៀល ក្នុង១លើក
៣. ឧបត្ថម្ភថ្លៃពិការភាព ដោយសារគ្រោះថ្នាក់រហូតដល់ ២.០០០.០០០ រៀល
៤. មរណភាពដែលបណ្តាលមក៖
• ពីជំងឺ ឧបត្ថម្ភ ៦០០.០០០ រៀល
• ពីគ្រោះថ្នាក់ ឧបត្ថម្ភចាប់ពី ៦.៦០០.០០០ រៀល រហូតដល់ ៧.៦០០.០០០ រៀល។
សូមបញ្ជាក់ថា អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេលើចំនួនអតិថិជន។ គិតត្រឹមខែមិថុនា ឆ្នាំ២០១៦នេះ អេ អឹម ខេ មាន១៤៦ ការិយាល័យ ធ្វើប្រតិបត្តិការគ្រប់ដណ្តប់ ៨៨% នៃចំនួនភូមិទាំងអស់ទូទាំងប្រទេស។ អេ អឹម ខេ មានផលិតផល និងសេវាកម្មជាច្រើន កំពុងផ្តល់ជូនអតិថិជន ដូចជា សេវាប្រាក់កម្ចី ប្រាក់សន្សំ ផ្ទេរប្រាក់ សេវាទូទាត់វិក័យបត្រ ធានារ៉ាប់រងខ្នាតតូច ធនាគារចល័ត សេវាបើកប្រាក់បៀវត្សរ៍ ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATM/CDM)៕