(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ដោយសារតែមេដឹកនាំក្រុមប្រឆាំងមានភាពល្ងង់ខ្លៅ ទើបធ្វើឱ្យរូបគេមិនដែលឈ្នះ ចាញ់រហូត ហើយស្ទើរតែជាប់គុក ប៉ុន្តែទោះជាយ៉ាងនេះក្តី សមាជិករបស់គេមិនល្ងង់ដូចមេរបស់ខ្លួននោះឡើយ ដោយពួកគេបានចាកចេញមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាជាបន្តបន្ទាប់។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ ក្នុងឱកាសសម្តេចអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សាផ្នែកកសិកម្មជាង ៣ពាន់នាក់។ ពិធីនេះប្រារព្ធឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣។
សម្តេចបានលើកលើងថា៖ «ខ្ញុំមិនយល់ ភាពល្ងង់ខ្លៅរបស់គេ ដែលគួរតែត្រូវចេះដឹងច្រើនជាងនេះ ប៉ុន្តែដោយសារខ្វះការចេះដឹងនេះហើយ ដែលវាមិនដែលឈ្នះ វាចេះតែចាញ់ហើយ ស្ទើរតែជាប់គុកថែមទៀត រឿងបើវាចេះដឹងប្រហែលជាវាមិនតៃហោងអញ្ចឹងទេ»។
សម្តេចបានបន្ថែមថា «ប៉ុន្តែឥឡូវនេះ កូនមិនសូវជាភ្លើទេ កូនដកខ្លួនមកចូលគណកប្សប្រជាជនហូរហែមកអញ្ចឹង មេគេធ្វើភ្លើ កូនគេអ្នកចេះដឹងដែរ គេដឹកខ្លួនចេញមកនៅជាមួយគណបក្សប្រជាជនធ្វើព្រងើយ»។
សម្តេចបានបន្តប្រកាសស្វាគមន៍បងប្អូន ដែលមកពីគណបក្សនានា ដែលបានផ្តាច់ខ្លួន ហើយមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។ ទោះជាយ៉ាងនេះក្តី សម្តេចបានបញ្ជាក់ថា មានតែមនុស្សម្នាក់ប៉ុណ្ណោះ ដែលសម្តេចមិនទទួលស្វាគមន៍ ប៉ុន្តែក្រៅពីនោះ សម្តេចនឹងស្វាគមន៍ទាំងអស់ ពេលពួកគេចាកចេញពីមនោគមន៍វិជ្ជាជ្រុលនិយម៕