(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្ញើសារលិខិតអបអរសាទរ និងជូនពរ ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ក្នុងឱកាសខួបចម្រើនជន្មាយុ គម្រប់ ៧២ឆ្នាំ ឈានចូល៧៣ឆ្នាំ។

ក្នុងសារលិខិត សម្តេចបានលើកឡើងថា៖ «ខ្ញុំ និងភរិយា សូមសម្តែងនូវមនោសញ្ចេតនាសប្បាយរីករាយ ចូលរួមអបអរសាទរដោយសេចក្ដី ស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅក្នុងឱកាសចម្រើនជន្មាយុរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលនឹងឈានចូល មកដល់នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ សូមទទួលបាននូវបញ្ញាញាណភ្លឺថ្លា កម្លាំងពលំមាំមួន សុខភាពល្អបរិបូរណ៍ និងជន្មាយុយឺនយូរ»

សម្តេចវិបុលសេនាភក្តី សាយ ឈុំ សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ក្នុងការចូលរួមជាមួយ រាជរដ្ឋាភិបាលដោយបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងការបំពេញបេសកកម្ម ជាប្រវត្តិសាស្ត្រ បម្រើជាតិ និងប្រជាជន តាមរយៈការដឹកនាំសម្របសម្រួលលើការងារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ការងារគាំពារសង្គម ការងារសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ក៏ដូចជាការងារភូមិមួយផលិតផល មួយឱ្យទទួលបានលទ្ធផលដ៏ត្រចះត្រចង់។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ សូមយកឱកាសដ៏សិរីមង្គលនេះ បួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ ថែរក្សាប្រទានពរជ័យ សិរីសួស្ដី ជ័យមង្គលគ្រប់ប្រការជូនដល់ ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅប្រុសស្រីទាំងអស់ សូមបានប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ខាងក្រោមនេះជាសារលិខិតរបស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ៖