(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងកោតសរសើរសម្តេចពិជ័យសេនា ទៀ បាញ់ ដែលដឹកនាំរៀបចំការប្រកួត ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា បានយ៉ាងល្អ។ សម្តេចបានថ្លែងថា ការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លំបាកជាងការធ្វើជាប្រធានអាស៊ាន។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ ក្នុងឱកាសសម្តេចអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សាផ្នែកកសិកម្មជាង ៣ពាន់នាក់។ ពិធីនេះប្រារព្ធឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣។
«សូមអរគុណ និងកោតសរសើរសម្តេចពិជ័យសេនា ទៀ បាញ់ ដែលបានដឹកនាំរឿងនេះ តាំងពីការចាប់ផ្តើមរហូត តាំងពីធ្វើស្តាតមរតកតេជោ ល្ងាចថ្ងៃទី១៧ (ឧសភា) គឺយើងនឹងបិទ ហើយខ្ញុំសូមបញ្ជាក់ថា ការធ្វើស៊ីហ្គេម លំបាកជាងការធ្វើម្ចាស់ផ្ទះ ប្រជុំអាស៊ាន ច្រើនដង»។
សម្តេចបានពន្យល់ថា ការប្រជុំអាស៊ាន គឺមានការលំបាកក្នុងការពារមេដឹកនាំ និងពិបាកលើបញ្ហាខ្លឹមសារដែលត្រូវអនុម័ត ប៉ុន្តែយើងក៏ជោគជ័យក្នុងឆ្នាំ២០២២ ប៉ុន្តែក្នុងការប្រកួតស៊ីហ្គេម មិនពិបាកក្នុងការរៀបចំខ្លឹមសារនោះទេ ប៉ុន្តែប្រតិភូកីឡាជាច្រើន ដែលបានមកពីប្រទេសនានា ដែលយើងត្រូវប្រកាន់យកនូវវិធានការសន្តិសុខ សម្រួលឱ្យអ្នកទាំងនោះទទួលបានសេចក្តីសុខ ដោយគ្មានរអាក់រអួលណាមួយឡើយ។
សម្តេចបានបញ្ជាក់ថា ក្នុងការការពារសន្តិសុខនេះ រាជរដ្ឋាភិបាល បានប្រើប្រាស់កម្លាំងចម្រុះ ក្នុងនោះមានទាំងកងទ័ព កងរាជអាវុធហត្ថ និងកម្លាំងសមត្ថកិច្ចនគរបាលកម្ពុជាផងដែរ។
សម្តេចតេជោ មានមោទនភាពជាមួយយន្តការ ដែលបានអនុវត្ត ដឹកនាំដោយ សម្តេចពិជ័យសេនា ទៀ បាញ់ ហើយសម្តេចតេជោ គ្រាន់តែជាអ្នកបើក និងបិទ ហើយឱ្យជាគោលការណ៍ប៉ុណ្ណោះ៕