(កងបេរ៉ា)៖ អតីតនាយករដ្ឋមន្ត្រីនៃប្រទេសអូស្ត្រាលីលោក Kevin Rudd បានដាក់សំណើទៅកាន់រដ្ឋាភិបាលធ្វើការ ពិនិត្យរួចហើយ ដើម្បីទទួលបានការគាំទ្រសម្រាប់រូបលោក ឈរឈ្នោះដណ្តើមតំណែងជាអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ បន្តពីលោក បាន គីមូន ជនជាតិកូរ៉េខាងត្បូងដែលនឹងផុតអណត្តិ។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិចដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃចន្ទ ទី១៨ ខែកក្កដា ឆ្នាំ២០១៦។
អតីតនាយករដ្ឋមន្ត្រីមកពីគណបក្សពលកររូបនេះ នឹងត្រូវទទួលបានការអនុញ្ញាតពីលោកនាយករដ្ឋមន្ត្រី Turnbull ជាមុនសិន ទើបអាចត្រូវទទួលស្គាល់ជាផ្លូវការ ដើម្បីឈរឈ្មោះជាអគ្គលេខាធិការ UN បាន។ លោក Kevin Rudd គឺជានាយករដ្ឋមន្ត្រីអូស្ត្រាលីអំឡុងឆ្នាំ ២០០៧ ដល់ ២០១៣ បានដាក់សំណើខាងលើនេះទៅកាន់រដ្ឋាភិបាល ហើយ កិច្ចប្រជុំគណរដ្ឋមន្ត្រីលើរឿងនេះ នឹងត្រូវធ្វើចំនួនពីរលើក គឺនៅក្នុងសប្តាហ៍នេះ និងសប្តាហ៍ក្រោយ។
លោកស្រី Bishop រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី បានប្រាប់ Sky News នៅព្រឹកថ្ងៃចន្ទនេះថា «លោក Kevin Rudd បានដាក់សំណើមកកាន់រដ្ឋាភិបាលអូស្ត្រាលី ឲ្យតែងតាំងរូបលោកជាអ្នកតំណាង ហើយបញ្ហានេះនឹងត្រូវលើក យកទៅពិភាក្សាដើម្បីសម្រេចក្នុងគណរដ្ឋមន្ត្រី។ ខ្ញុំនឹងបន្តយកបញ្ហាទៅដោះស្រាយ»។ រដ្ឋាភិបាលបានអះអាងថា អ្នកតំណាងទៅឈោងយកតំណែង ជាប្រមុខដឹកនាំស្ថាប័នពិភពលោកបែបនេះ គឺត្រូវតែមានការពិភាក្សានិងឯកភាព គ្នាឲ្យបានត្រឹមត្រូវជាទីបំផុត៕