(ភ្នំពេញ)៖ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ អង្គភាពព័ត៌មាន Fresh News បានចាប់បដិសន្ធិបាន៩ឆ្នាំហើយ។ ថ្ងៃកំណើតនៃការកកើតបណ្តាញផ្សព្វផ្សាយព័ត៌មានដ៏មានប្រជាប្រិយភាពមួយនៅកម្ពុជានេះ លោក លឹម ជាវុត្ថា ស្ថាបនិក និងជាអគ្គនាយកអង្គភាពព័ត៌មាន តែងតែនាំបុគ្គលិកធ្វើដំណើរកម្សាន្តរៀងរាល់ឆ្នាំ នៅតាមតំបន់រមណីយដ្ឋាននានា ដើម្បីនាំភាពសប្បាយរីករាយជូនដល់បុគ្គលិកគ្រប់រូប។
សម្រាប់ឆ្នាំនេះដោយសារតែជាប់ភារកិច្ចច្រើន ពាក់ព័ន្ធនឹងការផ្សាយព័ត៌មានស៊ីហ្គេមច្រើន អង្គភាពព័ត៌មាន Fresh News នឹងរៀបចំដំណើរកំសាន្តជូនបុគ្គលិក ទៅកាន់កោះទន្សាយ ខេត្តកែប នៅក្រោយពេលបញ្ចប់ស៊ីហ្គេម ពោលគឺថ្ងៃទី២០-២១ ខែឧសភា ឆ្នាំ២០២៣ខាងមុខ។
Fresh News ជាបណ្តាញផ្សព្វផ្សាយបែបទំនើបក្នុងយុគ្គសម័យនៃការរីកចម្រើនផ្នែកឌីជីថល ត្រូវបានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៤។ Fresh News ត្រូវបង្កើតឡើងដោយលោក លឹម ជាវុត្ថា និងសហស្ថាបនិករបស់លោក គឺលោក គឹម ម៉េង។
Fresh News ត្រូវបានបង្កើតឡើងដោយប្រើមធ្យោបាយបែបទំនើបដោយបញ្ជូនព័ត៌មានទៅដល់ទូរស័ព្ទរបស់មិត្តអ្នកអានរបស់ខ្លួនតែម្តង។ បើទោះបី Fresh News ចាប់កំណើតក្នុងពេលមានការប្រកួតប្រជែង និងប្រឈមជាមួយការប្រកួតប្រជែងយ៉ាងខ្លាំងជាមួបណ្តាញសង្គមនានា ជាពិសេសបណ្តាញសង្គម Facebook ក្តី តែអង្គភាពព័ត៌មាន ដែលទទួលបានការគាំទ្រពីអ្នកអានគ្រប់ឋានានុក្រម និងស្រទាប់វណ្ណៈមួយនេះ នៅតែអាចបន្តឈរជើងដោយភាពរឹងមាំ។
មិនត្រឹមតែអាចឈរជើងដោយរឹងភាពរឹងមាំប៉ុណ្ណោះទេ តែ Fresh News ក្រោមការដឹកនាំរបស់លោក លឹម ជាវុត្ថា បានពង្រីកការផ្សព្វផ្សាយរបស់ខ្លួនជាបន្តបន្ទាប់ និងកាន់តែសម្បូរបែប ដើម្បីផ្តល់ភាពងាយស្រួលដល់មិត្តអ្នកអានក្នុងការទទួលព័ត៌មាន។ ផ្តើមចេញពីការផ្សព្វផ្សាយត្រឹមវេបសាយ និង App ពេលបច្ចុប្បន្ន Fresh News បានពង្រីកការផ្សាយតាមទូរទស្សន៍ខ្សែកាប្លិ៍ និងផ្សាយតាមរយៈផ្កាយរណបគ្របដណ្តប់ទូទាំងប្រទេស ហើយក៏ផ្សាយទៅកាន់ Facebook មានចំនួន 4.2M, Facebook Fresh News TV ចំនួនជាង 2.1M, YouTube មានចំនួនជិត 837K, Telegram មានចំនួនជាង 86K និង Tiktok 305K (3.2M Likes) ។ មិនត្រឹមតែផ្សាយជាខេមរភាសាប៉ុណ្ណោះទេ Fresh News ក៏បានផ្សាយជាភាសាអង់គ្លេស និងភាសាចិនផងដែរ។
ក្នុងឱកាសប្រារព្ធខួប៩ឆ្នាំ លោក លឹម ជាវុត្ថា ស្ថាបនិក និងជាអគ្គនាយក Fresh News បានបង្ហាញក្តីរីករាយជាខ្លាំង។ នៅចំពោះមុខថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់រូប លោក លឹម ជាវុត្ថា បានគូសបញ្ជាក់ថា «យើងបានរួមរស់ជាមួយគ្នារយៈពេល៩ឆ្នាំហើយ។ ភាពជោគជ័យរយៈពេល៩ឆ្នាំមកនេះ គឺជាចំណែកស្មើៗគ្នារបស់ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់រូប»។
អគ្គនាយក លឹម ជាវុត្ថា បានបន្ថែមថា «ខ្ញុំមិនអាចដឹកនាំអង្គភាពនេះឱ្យរីកចម្រើនលូតលាស់បែបនេះបានឡើយ បើមិនមានការជួយជ្រោមជ្រែងពីថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់រូបទេនោះ»។
អគ្គនាយកដែលដឹកនាំអង្គភាពដោយអនុវត្តន៍តាមគោលការណ៍ «ទឹកគូត្រី ស្រមោចគូស្ក» បានប្រកាសអំពាវនាវដល់ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់បន្តប្រឹងប្រែងរួមគ្នា ជាកម្លាំងថែមទៀត ដើម្បីឱ្យអង្គភាពព័ត៌មាន Fresh News នៅតែអាចឈរជើងរឹងមាំលើការផ្សព្វផ្សាយព័ត៌មាន ហើយអាចផ្តល់នូវព័ត៌មានបានកាន់តែល្អប្រសើរ ដល់មិត្តអ្នកអាន ក្រោមទិសស្លោកថា «Fresh News មិននឿយហត់ក្នុងការបញ្ជូនព័ត៌មានទៅកាន់ពិភពលោក»។
ក្នុងឱកាសខួប៩ឆ្នាំនេះ លោក លឹម ជាវុត្ថា ក៏បានថ្លែងអំណរគុណដល់ម្ចាស់ផលិតផលគ្រប់រូប ដែលផ្តល់ការគាំទ្រផ្សព្វផ្សាយលើ Fresh News។ សម្រាប់លោក លឹម ជាវុត្ថា ការគាំទ្រផ្នែកផ្សព្វផ្សាយពីសំណាក់ម្ចាស់អាជីវកម្មនានានៅកម្ពុជា គឺជាដៃគូសហការ និងគាំទ្រដ៏ខ្លាំងក្លាឱ្យ Fresh News អាចឈរជើងរឹងមាំលើការផ្សព្វផ្សាយ និងផ្តល់ការងារជូនបុគ្គលិកជាង១៣០នាក់៕