(ភ្នំពេញ)៖ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានលើកឡើងថា បើសហភាពអឺរ៉ុបបិទទីផ្សារនាំចេញសម្លៀកបំពាក់ពីកម្ពុជា គឺនៅពេលបើកទីផ្សារវិញ ត្រូវមានភ្ជាប់ជាមួយនឹងលក្ខខណ្ឌ។ ការបញ្ជាក់របស់លោក សម រង្ស៊ី ធ្វើឡើងតាមរយៈបទអន្តរាគមន៍របស់លោក ជាភាសាបារាំង នៅសភាអឺរ៉ុប កាលពីថ្ងៃទី១៣ ខែកក្កដាកន្លងទៅនេះ។ បទអន្តរាគមន៍នេះត្រូវបានដាក់ផ្សាយក្នុងបណ្តាញសង្គមរបស់លោក កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦ នេះបើយោងតាមការដកស្រង់ចេញពីវិទ្យុបារាំង RFI ។
វិទ្យុបារាំងនោះ បានផ្សាយទៀតថា «ប្រធានគណបក្សសង្រ្គោះជាតិថា បើសហភាពអឺរ៉ុបលូកដៃក្នុងរឿងនាំចេញសម្លៀកបំពាក់នេះ គឺមិនមែនកម្មករ ឬប្រជាជនតូចតាចទេ ដែលប៉ះពាល់ គឺពួកថៅកែធំៗ មេឈ្មួញធំៗទៅវិញទេ ដែលប៉ះពាល់។ លោកបន្តថា ឈ្មួញធំៗទាំងអស់នោះហើយដែលសូកលុយមួយចំណែកធំទៅឲ្យគណបក្សកាន់អំណាច»។
ទង្វើរបស់លោក សម រង្ស៊ី ត្រូវបានប្រជាពលរដ្ឋរាប់រយនាក់ បានផ្ញើសារមកកាន់អង្គភាព Fresh News នៅល្ងាចមិញម្សិញ ព្រមទាំង Comment នៅលើបណ្តាញសង្គម Facebook ជាច្រើនថា ការអំពាវនាវរបស់ លោក សម រង្ស៊ី ឲ្យសហភាពអឺរ៉ុបបិទទីផ្សារនាំចេញសម្លៀកបំពាក់ពីកម្ពុជា ជាទង្វើសម្លាប់ឆ្នាំងបាយកម្មករយ៉ាងពិតប្រាកដ។
ប្រជាពលរដ្ឋបានផ្ញើសារជាច្រើន ដែលមានន័យខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា «សមរង្សី ពិតជាសាហាវនិងមហាពិសពុលមែន ដើម្បីតែមហិច្ឆិតា លោភលន់អំណាច ដើម្បីតែចង់បានអង្គុយលើកៅអីនាយករដ្ឋមន្ត្រីផងនោះ លោក សម រង្ស៊ី សុខចិត្តឲ្យបរទេសបិទរោងចក្រកាត់ដេរទាំងអស់ចោលចេញពីស្រុកខ្មែរ ដោយមិនស្រណោះសោះឡើយនូវមហាឆ្នាំងបាយដ៏ធំរបស់កម្មករ កម្មការនីខ្មែរយើងជិតមួយលាននាក់»។
សារមួយទៀតរបស់ប្រជាពលរដ្ឋបានលើកឡើងយ៉ាងដូច្នេះទៀតថា «សូមបងប្អូន កម្មករនិងពុកម៉ែទាំងអស់ជួយគិតគ្នាមើលទៅថា តើការសម្រេចចិត្តដ៏សែនសាហាវបែបនេះ ពួកយើងអាចទទួលយកបានដែរទេ?...វាមិនមែនជាលើកទីមួយនោះទេ ដែលលោកសមរង្សី ទៅស្រែកនៅសហគមន៏អឺរ៉ុប។ តើបងប្អូននឹងត្រូវបាត់បង់ការងារ..បាត់បង់លុយចំណូលជារៀងរាល់ខែដ៏ទៀងទាត់របស់អ្នកទាំងអស់គ្នាបែបនោះ យើងនឹងវេទនាយ៉ាងណាទៅ?...លោក សម រង្សី ជាអ្នកនយោបាយមួយរូបមានលុយមហាសាល គាត់ពិតជាមិនស្លាប់មែនហើយ តែយើងដែលជាកម្មករក្រីក្រឯណោះទេ ដែលត្រូវស្លាប់ក្រោមកណ្តាប់ដៃ ល្មោភអំណាចបែបនេះរបស់គាត់។ វាហួសហេតុពេកហើយ លោកសម រង្ស៊ី អើយ»។
បើរោងចក្របិទទ្វារអស់ តើកូនចៅប្រុសស្រីខ្ញុំ ឱ្យទៅធ្វើអី? ដើម្បីខ្លួនឯងនាំទុក្ខដល់ប្រជាជនធ្វើនយោបាយឱ្យចំណេញដល់ជាតិ បើធ្វើនយោបាយដែល ខាតបង់ដល់ជាតិ សូមកុំធ្វើហើយឈប់ឱ្យស្រឡះទៅ»៕