(កណ្ដាល)៖ រថយន្តសណ្ដោងកុងទីន័រធុនធំមួយគ្រឿង បានចុះពីស្ពានមិត្តកម្ពុជា-ចិន ហៅស្ពានព្រែកសំរោង ដោយខ្វះការប្រុងប្រយ័ត្នជ្រុលទៅឲ្យបុក សាលាខ្សោយសតិបញ្ញាក្រុងតាខ្មៅខ្ទេចមួយបន្ទប់ ប៉ះពាល់អគារទាំងមូលមួយខ្នង និងបុករថយន្តតូចមួយគ្រឿង និងម៉ូតូមួយគ្រឿង បណ្ដាលរបួសអ្នកជិះម៉ូតូម្នាក់។
ហេតុការណ៍នេះបានកើតឡើងនៅយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ ត្រង់ចំណុចរង្វង់មូលព្រែកសំរោងត្រើយខាងលិច លើផ្លូវលេខ១១៥ ស្ថិតនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
យោងតាមរបាយការណ៍របស់នគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ករណីនេះបណ្ដាលមកពីអ្នកបើកបររថយន្តកុងទីន័រ ម៉ាក HYUNDAI ពណ៌ស ពាក់ផា្លកលេខព្រះសីហនុ3A-7662 និងកន្ទុយសណ្ដោងរ៉ឺម៉ក ពណ៌លឿង ពាក់ផ្លាកលេខភ្នំពេញ4A-6165 បើកបរចុះពីលើស្ពានមានល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។
ក្នុងនោះ បានបណ្ដាលឲ្យខូចខាតម៉ូតូ១គ្រឿង, រថយន្តចំនួន ២គ្រឿង, របងសាលាប្រវែងប្រហែល២០ម៉ែត្រ, បាក់សាលា ១ខ្នង ទំហំ ៨ម៉ែត្រ គុណ៩ម៉ែត្រ, បាក់បង្គោលភ្លើងថ្ម១ដើម, បាក់បង្គោលភ្លើងបំភ្លឺផ្លូវ១ដើម និងរនាំងការពាររបង៤ផ្ទាំង។
ជុំវិញបញ្ហានេះលោក ចាន់ សារិន ប្រធានអង្គការជំនួយ នៃក្ដីសង្ឃឹមសំរាប់សហគម និងជានាយកវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ បានសំណូមពរដល់អ្នកបើកបរទាំងអស់ សូមមេត្តាប្រុងប្រយ័ត្ន គិតគូរពីសុវត្ថិភាពអ្នកដទៃ បើបើកបរកុំពិសារគ្រឿងស្រវឹង។
លោកបានស្នើសុំកិច្ចអន្ដរាគមន៍ពីថ្នាក់ដឹកនាំ ពិសេសស្នើរសុំដល់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មេត្តាជួយកសាងអគារមួយខ្នងផ្សេងទៀត ដែលស្ថិតក្នុងគម្រោងមានស្រេច ព្រោះអគារដែលបុកនេះ ដ្បិតខូចខាតមួយបន្ទប់មែនពិត ប៉ុន្តែយោងតាមការវាយតម្លៃរបស់នាយកដ្ឋានសំណង់ បានហាមមិនឲ្យប្រើប្រាស់អគារនេះទៀតទេ ត្រូវវាយចោលទាំងអស់ ព្រោះវាបានប៉ះពាល់ធ្ងន់ធ្ងរ បារម្ភពីសុវត្ថិភាពកុមារអូទីហ្សឹម៕