(ព្រះសីហនុ)៖​ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំពិធីថ្វាយព្រះពរព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧០យាងចូល ៧១ព្រះវស្សា។

នៅក្នុងពិធីនេះរដ្ឋបាលខេត្តបាននិមន្តព្រះសីហនុចំនួន៧១អង្គ ចម្រើនព្រះបរិត្ត​ និងរាប់បាត្រតាមទំនៀមទម្លាប់ព្រះពុទ្ធសាសនា នៅវេទិកាបុណ្យជាតិ ៧ មករា ក្នុងនោះក្នុងនាមថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ បានក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៧០ យាងចូល ៧១ ព្រះវស្សា ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ដោយសម្តែងនូវសេចក្តីសោមនស្សរីករាយ សូមព្រះបរមរាជានុញ្ញាតលំឱនកាយថ្វាយនូវព្រះរាជសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា ថ្វាយ ព្រះករុណាថ្លៃវិសេស ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមស្តេចទ្រង់ប្រកបដោយព្រះរាជសុខភាពល្អពេញបរិបូរណ៍ ព្រះពលានុភាពមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា និងចម្រើនព្រះជន្មាទីឃាយុយឺនយូរ ជាងរយព្រះវស្សា ដើម្បីស្តេចគង់ប្រថាប់ជាមហាម្លប់ដ៏ត្រជាក់ត្រជំសម្រាប់ប្រជានុរាស្រ្តជ្រកកោន ជាភិយ្យោភាពតរៀងទៅ។

អភិបាលខេត្តព្រះសីហនុ ក៏បានថ្វាយនូវព្រះរាជកតញ្ញូ កតវេទិតាធម៌ និងព្រះវិសុទ្ធគុណដ៏ធំធេងក្រៃលែង ចំពោះព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលស្តេចទ្រង់តែងតែយាងបំពេញព្រះរាជសកម្មភាពជាប្រវត្តិសាស្ត្រ ក្នុងពុទ្ធចក្រ និងអាណាចក្រ ដង្ហែតាមព្រះរាជគន្លងគំរូវីរភាពនៃ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ។

លើសពីនេះទៅទៀត ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ស្តេចទ្រង់តែងតែយាងបំពេញព្រះរាជបូជនីយកិច្ច ពង្រឹងសុខសន្តិភាព ការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការអន្តរជាតិទូលំទូលាយ ធ្វើឱ្យកិត្យានុភាពមាតុភូមិកម្ពុជាកាន់តែល្បីរន្ទឺ នៅលើឆាកអន្តរជាតិ៕