(ព្រៃវែង)៖ លោក អ៉ីវ លាង អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងារ ចុះមូលដ្ឋានស្រុកបាភ្នំ តំណាងលោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបាភ្នំ ខេត្តព្រៃវែង បានអញ្ជើញជាធិបតីភាពសំណេះសំណេះ និងកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវព្រះវិហារថ្មី និងសមិទ្ធផលនានានៅវត្តអម្ពរង្សី នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣នេះ។

សមិទ្ធផលនេះមានការផ្តួចផ្តើមពីចៅអធិការវត្ត ព្រះសង្ឃ លោកអាចារ្យ គណៈកម្មការវត្ត ពុទ្ធបរិស័ទ សប្បុរសជននានា និងប្រជាពលរដ្ឋទាំងមូលស្ថិតនៅឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង។

លោក ណុប ចឹក មេឃុំបឹងព្រះ បានរាយការណ៍សង្ខេបឱ្យដឹងពីប្រវត្តិវត្តអម្ពររង្សីថា មានការលំបាកក្នុងការប្រតិបត្តិតាមប្រពៃណីពីសំណាក់ពុទ្ធបរិស័ទនៅភូមិតាម៉ៅខាងលិច-ខាងកើត និងភូមិវាល ដោយវត្តនៅឆ្ងាយ ទើបនៅឆ្នាំ១៩៩៨ ព្រះគ្រូមាស ភួង អនុគណស្រុកបាភ្នំ និងជាចៅអធិការវត្តបឹង ផ្តួចផ្តើមគំនិតឡើង ជាបន្តបន្ទាប់មក ដល់ថ្ងៃសៅរ៍ ១១កើត ខែទុតិយសាធ ឆ្នាំមមី ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០០២ ទើបចាប់ផ្តើមកសាងវត្តនេះឡើង សម្រាប់ព្រះវិហារវិញបានចាប់កសាងពីឆ្នាំ២០០៧ បញ្ចប់ឆ្នាំ២០២២ ចំណាយថវិកាចំនួន១៤៨,៤៦៥ដុល្លារ។

សមិទ្ធផលនានា មានកុដិ ទំហំ៨ម៉ែត្រ គុណ៨ម៉ែត្រ កសាងឆ្នាំ២០០២ ឧបដ្ឋានសាលាកសាងឆ្នាំ២០០៤-២០០៦ ចំណាយ៥៣,២០០ដុល្លារ កុដិថ្មីថ្មី២ជាន់កសាងឆ្នាំ២០០៩-២០២២ ចំណាយ៨៣,៤០៤ដុល្លារ ដងទង់មួយគូ ពង្រីកផ្លូវចូលវត្តនិងកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងកសាងទឹកស្អាត។ចំណាយសរុបទាំងអស់ ៣៦០,២៦៩ដុល្លារ។ ជាមួយគ្នានេះក៏មានសំណើសុំជួយកសាងរបងវត្តប្រវែង ៣៤៨ម៉ែត្រផងដែរ។

លោក អ៉ីវ លាង បានជម្រាបដល់អង្គពិធីពីមតិផ្តាំផ្ញើសេចក្តីនឹករលឹក និងការសាកសួរសុខទុក្ខពីលោក ព្រុំ សុខា និងក្នុងនាមលោកផ្ទាល់ បានសំដែងក្តីសប្បាយរីករាយត្រេកអរ អបអសាទរ ចំពោះព្រះវិហារថ្មី និងសមិទ្ធនានាដែលយើងទាំងអស់គ្នាកំពុងចូលរួមសម្ភោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ។

លោកបានបន្តថា សមិទ្ធផលនេះសបញ្ជាក់ពីពុទ្ធបរិស័ទ សប្បុរសជនបង្ហាញទឹកចិត្តស្រលាញ់ចំពោះព្រះពុទ្ធសាសនា និងការធ្វើអំពើល្អ។បច្ចុប្បន្នយើងកំពុងរស់នៅក្នុងសុខសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃប៉ិនប្រសប់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្កលក្ខណៈដល់ការអភិវឌ្ឍសង្គមគ្រប់វិស័យ ទាំងពុទ្ធសាសនា និងអាណាចក្រ ជាក់ស្តែងយើងកំពុងរួមគ្នាប្រារព្ធពិធីបុណ្យបញ្ចុះខណ្ឌសីមា និងឆ្លងសមិទ្ធផលនានានៅថ្ងៃនេះចឹង។ពិតណាស់សន្តិសុខភាពពិបាករកណាស់ សម្តេចតេជោ លោកបានខិតខំណាស់ទម្រាំរកបានសុខសន្តិភាពដូចបច្ចុប្បន្ន សូមបងប្អូនការពារតម្លៃសុខសន្តិភាព ការពារឱ្យបាន។ ថ្ងៃនេះ ថ្ងៃស្អែក ប្រឆាំងដាច់ខាត ជនទាំងឡាយប៉ុនប៉ងបង្កអស្ថេរភាពសង្គម សណ្តាប់ធ្នាប់សាធារណៈនិងបំផ្លាញសន្តិភាព។

លោក អ៉ីវ លាង បានសង្កត់ធ្ងន់ថា សន្តិភាពពិតជាសំខាន់ណាស់ជាមូលដ្ឋានគ្រឹះនៃអាយុជីវិតប្រជាជន សេដ្ឋកិច្ចជាតិ ជាអ្វីៗគ្រប់យ៉ាង ដែលត្រូវចាប់ផ្តើមពីសន្តិភាពទៅ ហេតុនេះសូមបងប្អូនចូលរួមរក្សាការពារសន្តិភាពឱ្យបានជាដាច់ខាតជាមួយរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ និងបន្តបោះឆ្នោតគាំទ្រ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដើម្បីបន្តការពារសន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់ទៅមុខទៀត។

ជាថ្មីម្តងទៀត លោកបានថ្លែងអំណរគុណ និងបានសំណូមពរចៅអធិការ ព្រះសង្ឃ លោកតាអាចារ្យ ពុទ្ធបរិស័ទនៅវត្តអម្ពរង្សី សូមមេត្តាបន្តកសាងសមិទ្ធផលថ្មីៗបន្ថែមទៀត និងសូមមេត្តាចូលរួមថែរក្សាសមិទ្ធផលទាំងអស់នេះឱ្យបានគង់វង្សយូរអង្វែង។

ជាមួយនេះ លោក អ៉ីវ លាង បានអំពាវនាវចំពោះសប្បុជនទាំងអស់ សូមបន្តចូលរួមកសាងសមិទ្ធផលថ្មីៗបន្ថែមទៀតតាមលទ្ធភាព តាមសទ្ធាជ្រះថ្លារបស់ខ្លួន ទាំងនៅក្នុងឃុំបឹងព្រះ និងគ្រប់ទីកន្លែងផ្សេងៗទៀត។ ចំពោះសំណើសុំជួយកសាងរបងវត្តនៅសល់លោកបានទទួលដោះស្រាយតាមសំណើសុំ តែលោកបានស្នើសុំពុទ្ធបរិស័ទ សប្បុរសជនសូមបន្តចូលរួមកសាងទាំងអស់គ្នា ដើម្បីទទួលបានមគ្គផលបុណ្យជាមួយគ្នា សម្រាប់ថវិកានៅខ្វះប៉ុន្មាន លោកនឹងបំពេញបង្គ្រប់ជូន។

ក្នុងឱកាសនោះគណៈអធិបតីបានប្រគេនថវិកាចំនួន១០លានរៀល ដល់ព្រះចៅអធិការវត្តសម្រាប់កសាងបន្ត និងបានជូនអំណោយដល់តាជី យាយជី នូវសារ៉ុង១ និងថវិកា ១ម៉ឺនរៀល ចំពោះប្រជាពលរដ្ឋក្នុងម្នាក់ៗទទួលបានក្រមា១ និងថវិកា១ម៉ឺនរៀលផងដែរ៕