(តួកគី)៖ ការធ្វើរដ្ឋប្រហារដោយកម្លាំងយោធាតួកគី ក្នុងប៉ុនប៉ងទម្លាក់លោកប្រធានាធិបតី Recep Erdogan ដើម្បីក្តោបក្តាប់អំណាចរដ្ឋនោះ បានទទួលបរាជ័យ ដោយការវាយប្រហារពីកម្លាំងស្ម័គ្រស្មោះរដ្ឋាភិបាល។ ពាក់ព័ន្ធព្រឹត្តិការណ៍រដ្ឋប្រហារនេះ​ អ្នកស្លាប់កើនឡើងដល់២៩០នាក់ ក្នុងនោះមានពួកឧទ្ទាមជាង១០០នាក់ នេះបើយោងតាមក្រសួងការបរទេសរបស់តួកគី ឲ្យដឹងយ៉ាងដូច្នេះ។ ខណៈពេលនេះរដ្ឋាភិបាលតួកគី បានកាន់អំណាចពេញឡើងវិញ ទាំងស្រុងហើយ។

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌តួកគី បានថ្លែងឲ្យដឹងថា រដ្ឋាភិបាលតួកគី ចាប់ខ្លួនយោធាពាក់ព័ន្ធការធ្វើរដ្ឋប្រហារ កើនប្រហែល ៦០០០នាក់ បន្ទាប់ពីការធ្វើ រដ្ឋប្រហារពីសំណាក់ យោធាទទួលបរាជ័យ នេះបើយោងតាមស៊ិនហួរនៅល្ងាចថ្ងៃទី១៧ ខែកក្ដដា ឆ្នាំ២០១៦។

ប្រធានាធិបតីតួកគីលោក Erdogan បានអះអាងថា អំពើរដ្ឋប្រហារត្រូវបានកើតឡើងដោយលោក Fethullah Gulen អ្នកប្រាជ្ញនៃក្រុមអ៊ីស្លាម ដែលកំពុងរស់នៅ ក្នុងរដ្ឋ Pennsylvania សហរដ្ឋអាមេរិក ជាអ្នកនៅពីក្រោយខ្នង។

សូមជំរាបថា​ ក្រោយរដ្ឋប្រហារមួយថ្ងៃ ប្រធានាធិបតីតួកគីលោក Tayyip Erdogan បានដាក់សំណើមួយ ទៅកាន់ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ឲ្យធ្វើបត្យាប័ននាំខ្លួនជនសង្ស័យ Fethullah Gulen ត្រឡប់មកកាន់ប្រទេសតួកគីវិញ ដើម្បីបន្តចាត់ការជនរូបនេះ ទៅតាមនីតិវិធីច្បាប់៕