(ភ្នំពេញ)៖ លោក គៀន ពន្លក ប្រធានអង្គការគ្រូបង្រៀនដើម្បីសន្តិភាព និងប្រជាធិបតេយ្យ និងជាបណ្តុំអង្គការសមាគមសង្គមស៊ីវិល ប្រកាសប្រឆាំងយ៉ាងដាច់អហង្កា ចំពោះគណបក្សភ្លើងទៀន ដែលចាប់ផ្តើមបោកប្រាស់សកម្មជនរបស់ខ្លួនធ្វើជាឈ្នាន់នយោបាយខ្មៅកខ្វក់។
តាមរយៈសេចក្តីថ្លែងការណ៍ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣នេះ លោក គៀន ពន្លក បានឱ្យដឹងថា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ បក្សប្រឆាំង បានចេញសារគំរាមក្នុងន័យនយោបាយទុច្ចរិកខ្មៅកខ្វក់ ទន្ទឹមប្រទេសកម្ពុជា កំពុងមានសុខសន្តិភាព និងការអភិវឌ្ឍពេញលេញ ពិសេសការបង្កើតមហាព្រឹត្តការណ៍ស៊ីហ្គេមដ៏អស្ចារ្យក្នុងប្រវត្តិសាស្ត្រកម្ពុជាផងនោះ យើងគួរតែនាំគ្នាអបអរសាទរ និងចូលរួមលើវិថីសន្តិភាព។
លោកបានបន្តថា ក្នុងនាមជាយុវជនសង្គមស៊ីវិលដែលធ្លាប់ជាជនរងគ្រោះនឹងគោលនយោបាយបក្សប្រឆាំងពីអតីតកាល អំពាវនាវដល់សកម្មជនប្រឆាំង សូមចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីមានឱកាសកសាងសង្គមជាតិរួមគ្នា កុំបណ្ដោយខ្លួនឱ្យជាក្លាយជាឈ្នាន់នយោបាយដែលអាចបណ្ដាលឱ្យក្លាយជាជនរងគ្រោះដល់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ៕