(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌសែនសុខដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌ និងមានការសម្របសម្រួលពីលោក ជិន ពេជ្រ ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ បានចុះប្រតិបត្តិការឆែកឆេរផ្ទះមួយកន្លែង នៅយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី បន្ទាប់ពីបានទទួលបណ្ដឹងពីស្ដ្រីជាម្ចាស់ផ្ទះ។ ក្រោយប្រតិបត្តិការ កម្លាំងជំនាញបានរកឃើញអាវុធខ្លីមួយដើម ថ្នាំញៀន២កញ្ចប់ និងសម្ភារមួយចំនួនទៀត ព្រមទាំងចាប់ខ្លួនជនសង្ស័យ៤នាក់ផងដែរ។
មន្រ្តីនគរបាលខណ្ឌសែនសុខបានឱ្យដឹងថា ស្ដ្រីម្ចាស់ផ្ទះដែលត្រូវជាម្ដាយបានប្ដឹងសមត្ថកិច្ចឈ្មោះ ព្រំ ស្រី អាយុ៤៤ឆ្នាំ ចំណែកជនសង្ស័យដែលឃាត់ខ្លួនបានទាំង៤នាក់នោះ ទី១ឈ្មោះ ហេង សំភាស់ អាយុ ២០ឆ្នាំ ទី២ឈ្មោះ ចាន់ សីលា អាយុ២២ឆ្នាំ ទី៣ឈ្មោះ ហេង ចាន់ វិរះ ហៅសិទ្ធ អាយុ២៧ឆ្នាំ និងទី៤ឈ្មោះ គ្រី ម៉ុង ហេង អាយុ២៦ឆ្នាំ។
បច្ចុប្បន្នជនសង្ស័យទាំង៤ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីសួរនាំបន្ដចាត់ការតាមនីតិវិធី។