(កណ្តាល)៖ នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋាន ស្រុកកណ្ដាលស្ទឹង និងជាអគ្គលេធិការរងសមាគមអតីតយុទ្ធជនកម្ពុជា តំណាងនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេធិការសមាគមអតីតយុទ្ធជនកម្ពុជា បានថ្លែងថា សម្ដេចតេជោ ជាកូនកសិករ ធ្លាប់ឆ្លងកាត់ជីវិតជាកងទ័ពជាយុទ្ធជនស្គាល់ច្បាស់ពីការលំបាក និងបានឆ្លងកាត់គ្រប់ឧបសគ្គនៅក្នុងសមរភូមិតស៊ូប្តូរជីវិត ដើម្បីរំដោះប្រជាជន និងប្រទេសជាតិចេញផុតពីរបបប្រល័យេពូជសាសន៍ ប៉ុល ពត រហូតក្លាយជាមេដឹកនាំប្រទេស។

សម្ដេចតេជោ ហ៊ុន សែន នៅតែចងចាំនូវគំរូវីរភាពដ៏ប្រពៃរបស់យុទ្ធជនយុទ្ធនារី ក្នុងបុព្វហេតុជាតិមាតុភូមិ និងនៅតែដឹងគុណគិតគូរពីសុខទុក្ខជីវភាពរស់នៅចំពោះអតីតយុទ្ធជន និងនិវត្តន៍ជនជានិច្ច។

នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញបំពាក់គ្រឿងឥស្សរិយយស និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់អតីតយុទ្ធជន និវត្តន៍ជន និងប្រជាពលរដ្ឋ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣។ 

នាយឧត្ដមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង បានបន្តថា នៅក្រោមម្លប់នៃសន្តិភាពពេញលេញ ដែលជាផ្លែផ្កានៃនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី, បានប្រែក្លាយពីស្ថានភាពនៃការបំផ្លិចបំផ្លាញដោយសារវិនាសកម្មសង្គ្រាម មកជាមានការអភិវឌ្ឍរីកចម្រើនជាលំដាប់លើគ្រប់វិស័យ ហើយក៏កំពុងបន្តពង្រីកសក្តានុពលរបស់ខ្លួនឆ្ពោះទៅរកវឌ្ឍនភាពរុងរឿងបន្ថែមទៀត ក្រោមកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំ, មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៅទូទាំងប្រទេស។

នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែបានគិតគូរយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន និងនិវត្តន៍ជន ពិសេសក្នុងការកសាងអភិវឌ្ឍប្រទេសជាតិ ជាមួយនឹងគោលបំណងអាទិភាពចម្បងបំផុត គឺសេចក្តីសុខសាន្ត និងជីវភាពសម្បូរសប្បាយរបស់ប្រជាពលរដ្ឋ។

នាយឧត្ដមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង បានលើកឡើងថា តាមរយៈការរៀបចំធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហេ្គមលើកទី១២ ក្នុងឆ្នាំ២០២៣នេះ, គឺសម្តេចតេជោ ហ៊ុន សែន កំពុងនាំកម្ពុជាបោះជំហានឆ្ពោះទៅមុខកាន់តែឆ្ងាយ ដោយសម្រេចបាននូវការលើកកម្ពស់កិត្យានុភាព និងការធានារក្សាផលប្រយោជន៍ជាតិ ហើយជាពិសេស គឺការផ្សព្វផ្សាយអំពីការប្រែមុខមាត់របស់កម្ពុជានៅលើឆាកអន្តរជាតិ ដោយឈានចេញពីប្រទេសដែលធ្លាប់ត្រូវបានញាំញីដោយសង្គ្រាមបែកបាក់ និងភាពភ័យខ្លាច ប្តូរមកជាទឹកដីកោះសុខសន្តិភាព, ស្ថិរភាព និងសុខដុមរមនាត្រជាក់ត្រជុំ ព្រមជាមួយនឹងការបើកចំហរបេះដូង និងទឹកចិត្តយ៉ាងទូលំទូលាយ ដើម្បីទទួលស្វាគមន៍បណ្តាមិត្តភក្តិអន្តរជាតិមកពីគ្រប់ទិសទីទាំងក្នុងតំបន់ និងសាកលលោក។ កម្ពុជាក្រ តែបេះដូងធំ។

នាយឧត្ដមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង បានលើកទឹកចិត្តដល់ អតីតយុទ្ឋជន និវត្តន៍ជនស៊ីវិល មានចំនួន ៩២៨នាក់ ដែលក្នុងម្នាក់ៗ ទទួលបាន៖ អង្ករ២៥គីឡូក្រាម, មី១កេសតូច, ត្រីខ ២យួរ និងថវិកា ៥ម៉ឺនរៀល។ ឧបត្ថម្ភក្រុមប្រឹក្សាឃុំ-ស្រុក និងមន្ត្រីរដ្ឋបាល ស្រុកកណ្ដាលស្ទឹង ៤៦នាក់ ក្នុងម្នាក់ៗថវិកា ៥ម៉ឺនរៀល។ គណបក្សស្រុក ២លានរៀល ព្រមទាំងឧបត្ថម្ភដល់កងកម្លាំងមានសមត្ថកិច្ចផងដែរ៕