(កំពង់ចាម)៖ លោក ហ៊ុន ម៉ានិត នាយករងខុទ្ទកាល័យសម្តេចតេជោ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមជាមួយលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញសម្ពោធសមិទ្ធផលនានា នៅវត្តមុនីរង្សី ស្ថិតក្នុងភូមិអូរុន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
លោក អ៊ុន ចាន់ដា បានថ្លែងថា ដោយមានការជ្រោមជ្រែង ពីសំណាក់មហាឧបាសិកា ប៊ុន សាំងលី និងសម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត រួមទាំងសប្បុរសជនជិតឆ្ងាយ ព្រះគ្រូ ប្រាក់ កន បានដឹកនាំបញ្ចុះបឋមសិលាកសាងឧបដ្ឋានសាលា រហូតដល់ឆ្នាំ២០១២ ព្រះអង្គលាចាកសិក្ខាបទ។ នៅក្នុងឆ្នាំ២០១៣ ពុទ្ធបរិស័ទ បាននិមន្តភិក្ខុ មាំង សុវណ្ណៈ មកគង់ដឹកនាំវត្តបន្ត ព្រមទាំងដឹកនាំបរិស័ទ កសាងផ្លូវបេតុងចូលក្នុងវត្ត ចំនួន២ខ្សែ និងដំបូលឧបដ្ឋានសាលា ដល់ឆ្នាំ២០១៧។
ក្នុងឆ្នាំ២០១៨ តបតាមការនិមន្តរបស់លោកអាចារ្យគណៈកម្មការព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត, សាលាអនុគណស្រុកស្ទឹងត្រង់ ក៏បានចាត់តាំងភិក្ខុសុវណ្ណប្បញ្ញោ សម្បត្តិ ប៊ី ឱ្យឡើងជាព្រះចៅអធិការស្តីទី បន្ទាប់មក ព្រះអង្គបានដឹកនាំពុទ្ធបរិស័ទជិតឆ្ងាយ កសាងឧបដ្ឋានសាលាបង្ហើយ រួមទាំងសមិទ្ធផលនានាជាច្រើនទៀត ហើយសមិទ្ធផលដែលនឹងត្រូវដាក់សម្ពោធនាឱកាសនេះរួមមាន៖ ឧបដ្ឋានសាលា មហាកុដិ កម្ពស់ ២ជាន់ ដងទង់មួយគូរ ចាក់បេតុងជុំវិញព្រះវិហារ រួមនឹងអគារសិក្សា១ខ្នង ៦បន្ទប់ នៅបឋមសិក្សាអូរុន ដែលស្ថិតនៅក្នុងបរិវេណវត្តមុនីរង្សីនេះ។
ក្នុងឱកាសនោះដែរ លោក ហ៊ុន ម៉ានិត បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត មកដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងប្រជាពលរដ្ឋ សមត្ថកិច្ច និងថ្នាក់ដឹកនាំទាំងអស់ដែលមានវត្តមាននៅទីនេះ។
លោក ហ៊ុន ម៉ានិត បានបន្តថា សមិទ្ធផលថ្មីៗ នៅក្នុងវត្តមុនីរង្សី ហៅវត្តថ្មី ដែលនឹងត្រូវកាត់ខ្សែបូលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាពេលបន្តិចទៀតនេះ គឺជាសមិទ្ធផលដែលបានមកពីការរួមគ្នាពីសប្បុរសជន និងការខិតខំប្រឹងប្រែងគៀងគរ ពីសំណាក់ព្រះសង្ឃគ្រប់ព្រះអង្គផងដែរ។
លោក ហ៊ុន ម៉ានិត បានបញ្ជាក់ថា បច្ចុប្បន្ននេះ វិស័យអាណាចក្រ និងវិស័យពុទ្ធចក្របានអភិវឌ្ឍន៍ទន្ទឹមគ្នា។ ប៉ុន្តែទន្ទឹមនឹងនេះប្រសិនបើវិស័យអាណាចក្រមិនមានការអភិវឌ្ឍទេនោះ ឬក៏ ជីវភាពបងប្អូនប្រជាពលរដ្ឋ មិនមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃនោះទេ ក៏គ្មានការចូលរួមចែករំលែក ពីរសប្បុរសជន ដើម្បីអភិវឌ្ឍន៍លើវិស័យពុទ្ធចក្រនេះផងដែរ។
ប៉ុន្តែ ដោយសារមានការអភិវឌ្ឍលើគ្រប់វិស័យនេះហើយ ធ្វើឱ្យជីវភាពបងប្អូនប្រជាពលរដ្ឋយើងបានល្អប្រសើរ ទើបមានការចែករំលែកពីសប្បុរសជន និងមានការជំរុញឱ្យសាងសង់នូវសមិទ្ធផលថ្មីៗ តាមបណ្ដាវត្តផ្សេងៗទៀត នៅក្នុងភូមិសាស្ត្រស្រុកកងមាស ក៏ដូចជានៅទូទាំងប្រទេសកម្ពុជា៕