(ក្រចេះ)៖ រដ្ឋបាលខេត្តក្រចេះ នៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ បានរៀបចំប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ថ្វាយព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះជន្មគម្រប់៧០ យាងចូល៧១ព្រះវស្សា។

ពិធីនេះដែរ ក្រោមវត្តមានលោក ភឹម ភីរ៉ា អភិបាលរងខេត្ត តំណាងលោក វ៉ា ថន អភិបាលខេត្តក្រចេះ និងមានការអញ្ជើញចូលរួមពីសំណាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងប្រជាពលរដ្ឋ ប្រមាណជិត៤០០នាក់។

នៅក្នុងឱកាសនោះដែរ លោក ភឹម ភីរ៉ា បានអានសារលិខិតថ្វាយព្រះពរ ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចម្រើនព្រះជន្មគម្រប់ ៧០យាងចូល ៧១ព្រះវស្សា ដោយគូបញ្ជាក់ថា ទូលបង្គំតំណាងក្រុមប្រឹក្សាខេត្តគណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃនិង ប្រជារាស្ត្រក្នុងខេត្តក្រចេះ សូមក្រាបបង្គំទូលថ្វាយព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ក្នុងឱកាសនោះ លោក លោកស្រី ក្នុងជួរក្រុមប្រឹក្សាខេត្ត លោក លោកស្រី គណៈអភិបាលខេត្ត ព្រះសង្ឃ ព្រមទាំងមន្ត្រីរាជការទាំងអស់ បានលើកហត្ថប្រណម្យ បួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ព្រះបារមី នៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរ គ្រប់ព្រះអង្គ ព្រះបារមី ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាពិសេសទេវតាឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ពស.២៥៦៧ សូមថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្ដី សិរីមង្គល មហាប្រសើរគ្រប់ប្រការជូន ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលរឹងមាំ ព្រះបញ្ញាញាណភ្លឺថ្លា ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា និងចាកផុតពីព្រះរោគាព្យាធិនានា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ ដល់ប្រជានុរាស្រ្តជាកូនចៅ ចៅទួត របស់ព្រះអង្គទូទាំងព្រះរាជាណាចក្រកម្ពុជា ជាដរាបតរៀងទៅ៕