Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តុលាការក្រុងភ្នំពេញ បើកសវនាការជំនុំលើសំណុំរឿងមួយទៀតរបស់ លោក នី ចរិយា នៅព្រឹកនេះ

18-07-2016 07:35

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦នេះ សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការជំនុំជម្រះលើសំណុំរឿង លោក នី ចរិយា អតីតប្រធានផ្នែកស៊ើបអង្កេត របស់អង្គការអាដហុក ពាក់ព័ន្ធនឹងករណីបរិហារកេរ្តិ៍សាធារណៈ។

សំណុំរឿងនេះ លោក នី ចរិយា ត្រូវបានប្តឹងដោយ លោក សុខ កែវបណ្ឌិត ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តសៀមរាប និង លោក គី ឬទ្ធី ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប ពាក់ព័ន្ធនឹងការបរិហារកេរ្តិ៍ជាសាធារណៈ និងបទផ្សព្វផ្សាយនូវការអត្ថាធិប្បាយ ដើម្បីធ្វើសម្ពាធលើយុត្តាធិការ (តុលាការ) ចំពោះរឿងក្តីដីធ្លីមួយនៅខេត្តសៀមរាប កាលពីខែមិថុនា ឆ្នាំ២០១៥។

កាលនោះលោក នី ចរិយា បានចោទប្រកាន់លោក សុខ កែវបណ្ឌិត ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តសៀមរាប និង លោក គី ឬទ្ធី ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាបថា មិនបានអនុវត្តតាមនីតិវិធីត្រឹមត្រូវ ក្នុងការចោទប្រកាន់ និងចាប់ខ្លួនអ្នកភូមិពីរនាក់ ដាក់ពន្ធនាគារចំពោះការតវ៉ាប្រឆាំង ក្រុមហ៊ុនកសិពាណិជ្ជកម្ម (Community Takhmao Development Agriculture & Industrial ) ដែលអ្នកភូមិចោទថា បានព្យាយាមរឹបអូសយកដីស្រែ របស់ពួកគាត់ដោយខុសច្បាប់។

បើតាមប្រភពមួយចំនួនបានឱ្យដឹងថា នៅព្រឹកនេះដែរ ក្រុមសកម្មជនដីធ្លីនៅបុរីកីឡាមួយចំនួន នឹងលើកគ្នា ទៅឃ្លាំមើលការជំនុំជម្រះនៅសាលាដំបូងរាជធានីភ្នំពេញ។

ទោះជាយ៉ាងណា លោក នី ចរិយា ជាអគ្គលេខាធិការរង គ.ជ.ប នៅពេលនេះកំពុងជាប់ឃុំនៅក្នុងពន្ធនាគារ PJ នៅឡើយទេ ពាក់ព័ន្ធនឹងសំណុំរឿងមួយផ្សេងទៀត នោះគឺបទល្មើសសមគំនិតសូកប៉ាន់សាក្សី ដែលពាក់ព័ន្ធនឹងករណីកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ៕