(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារ ចុះមូលដ្ឋានស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញប្រកាសបញ្ចូលសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ចំនួន១៩៦នាក់ នៅទីស្នាក់ការគណបក្សប្រជាជនឃុំក្តីដូង។
លោកស្រី ឃួន ឃុនឌី បានផ្តាំផ្ញើនូវការសាកសួរសុខទុក្ខពីសំណាក់សម្តចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលជានិច្ចកាល តែងតែនឹករលឹកដល់សមាជិក សមាជិកាគណបក្ស នៅទូទាំងប្រទេស ពិសេសលោកស្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមាជិកថ្មីចំនួន១៩៦នាក់នេះ ដែលចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។
លោកស្រីបានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជានៅចាំទទួលស្វាគមន៍ គ្រប់ពេលវេលា ចំពោះបងប្អូនដែលចូលមករួមរស់ ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយមិនប្រកាន់ពីនិន្នាការនយោបាយអ្វីទាំងអស់ឱ្យតែបងប្អូនស្ម័គ្រស្មោះជាមួយគណបក្សប្រជាជនកម្ពុជា។ ការចូលមករួមរស់ជីវភាពនយោបាយរបស់បងប្អូនទាំង១៩៦នាក់ ជាមួយគណបក្សប្រជាជនកម្ពុជានាពេលនេះជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត ព្រោះបច្ចុប្បន្នមិនមានគណបក្សនយោបាយណាមួយមាន គោលនយោបាយច្បាស់លាស់ត្រឹមត្រូវ ក្នុងការដឹកនាំប្រទេសជាតិ ដូចគណបក្សប្រជាជនកម្ពុជាឡើយ។
ជាមួយគ្នានេះដែរ លោកស្រី ឃួន ឃុនឌី បានបន្ដថា ជាងនេះទៀតថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ពិសេសសម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតែងតែរស់នៅរួមសុខរួមទុក្ខជាមួយប្រជាជនកម្ពុជាគ្រប់ពេលវេលានិងគ្រប់កាលៈទេសៈ មិនតែប៉ុណ្ណោះពេលណាប្រជាជនមានការលំបាកគណបក្សប្រជាជនកម្ពុជា មិនដែលបោះបង់ ឬរត់ចោលប្រជាជនយើងម្ដងណានោះឡើយ។
លោកស្រីបានបន្ថែមថា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់តែងតែនៅរួមសុខរួមទុក្ខនឹងកាន់ដៃគ្នាឆ្លងការលំបាកជាមួយគ្នាជានិច្ច មិនថានៅពេលបច្ចុប្បន្ននេះ គឺនៅតែបន្តរួមដំណើរដ៏វែងឆ្ងាយតទៅមុខទៀតជាមួយគ្នាជាបន្តទៀត ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ និងការនាំមកនូវការអភិវឌ្ឍ សម្រាប់ជាតិមាតុភូមិ។
លោកស្រី ឃួន ឃុនឌី បានស្នើដល់ក្មួយៗជាយុវជន ក្នុងនាមជាយុវជនរបស់គណបក្សប្រជាជនកម្ពុជាត្រូវ ប្រព្រឹត្តិតែអំពើល្អ អំពើជាកុសល, ចូលរួមធ្វើការងារសង្គម ការងារមនុស្សធម៌ និងការងារបរិស្ថានដូចជាដាំដើមឈើឱ្យបានច្រើន និងសម្អាតអនាម័យតាមទីសាធារណៈ, គិតគូរអំពីសេដ្ឋកិច្ច ដោយចាប់ធ្វើការងារអាជីវកម្ម ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារឱ្យបានរីកចម្រើន, ចូលរួមធ្វើការងារនយោបាយ និងចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ «ពោលគឺសមាជិកបក្សម្នាក់ ជាសំលេងឆ្នោតមួយសន្លឹករបស់គណបក្សប្រជាជនកម្ពុជា»៕