(ភ្នំពេញ)៖ ក្រុមអ្នកសារព័ត៌មានឯករាជ្យ តាមរយៈសេចក្តីថ្លែងការណ៍មួយ បានសម្តែងការសោកស្តាយចំពោះ គណបក្សភ្លើងទៀន ដែលបានចេញសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ ដែលបានគំរាមដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏ដូចជារដ្ឋាភិបាល ថានឹងប្រមូលផ្ដុំថ្នាក់ដឹកនាំ សមាជិក សមាជិកា សកម្មជន និងអ្នកគាំទ្រគណបក្សភ្លើងទៀន នៅទូទាំងប្រទេសដើម្បីតស៊ូមតិដោយសន្តិវិធី ក្នុងករណីគណបក្សភ្លើងទៀនត្រូវបាន គ.ជ.ប ធ្វើការបដិសេធ ចុះបញ្ជី គណបក្សភ្លើងទៀន សម្រាប់ការបោះ ឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣។
សេចក្តីថ្លែងការណ៍ ដែលបណ្តាញ Fresh News ទទួលបាន ឲ្យដឹងថា សារគំរាមនេះមានទិសដៅនយោបាយ ដែលមិនបាននាំប្រយោជន៍ដល់សង្គមជាតិអ្វីឡើយ ក្នុងកាលៈទេសៈកម្ពុជា កំពុងបើកព្រឹត្តិការណ៍ SEA GAMES ដែលសហគមន៍អន្តរជាតិ ប្រជាពលរដ្ឋខ្មែរចូលរួមយ៉ាងច្រើនកុះករ។
ក្រុមអ្នកសារព័ត៌មាន ឯករាជ្យសូមអំពាវនាវដូចខាងក្រោម៖
*ទី១៖ សូមអំពាវនាវសមាជិក សមាជិកា អ្នកគាំទ្រ គណបក្សភ្លើងទៀន កុំចូលរួមសកម្មភាពបាតុកម្មណាមួយដែលបង្ក បញ្ហាដល់សង្គមជាតិ និងបង្អាប់មុខមាត់កម្ពុជាក្នុងព្រឹត្តិការណ៍ SEA GAMES ដែលមិនបាននាំប្រយោជន៍អ្វីដល់ជាតិ ក្រៅពី បង់ខាតពេលវេលា សេដ្ឋកិច្ច និងបង្កភាពអនាធិបតេយ្យក្នុងសង្គមជាតិ។
*ទី២៖ សូមអំពាវនាវដល់ថ្នាក់ដឹកនាំ គណបក្សភ្លើងទៀន សូមដោះស្រាយបញ្ហាដោយសន្តិវិធី ដោយប្រឹក្សាជាមួយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ក្នុងការបំពេញលក្ខខណ្ឌទម្រង់បែបបទតាមផ្លូវច្បាប់ និងបទបញ្ហា ដើម្បីធានាដល់ការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ជៀសវាងនូវមធ្យោបាយ អាក្រក់ដែលអាចនាំឱ្យប៉ះពាល់ដល់សន្តិសុខសង្គម ស្របពេលប្រទេសកម្ពុជាកំពុងមានសន្តិភាពពេញលេញ។
*ទី៣៖ សូមប្រជាពលរដ្ឋទូទាំងប្រទេសរក្សាភាពស្ងប់ស្ងាត់ និងកុំភ័យខ្លាចនឹងអំពើគំរាមប្រឆាំងនឹងគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គជប) និងរាជរដ្ឋាភិបាល របស់គណបក្សភ្លើងទៀន ដែលជាមធ្យោបាយអាក្រក់ក្នុងការបង្វែរស្ថានការណ៍នយោបាយរបស់ខ្លួន ។
ក្នុងនាមក្រុមអ្នកសារព័ត៌ឯករាជ្យ សូមអំពាវដល់បណ្តាអង្គការ ព្រមទាំងប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេសចូលរួមថ្កោលទោសចំពោះបាតុកម្មទាំងឡាយណាដើម្បីប្រយោជន៍បុគ្គលបក្សមួយក្រុមតែមិនមែនដើម្បីប្រយោជន៍ជាតិ៕