(ភ្នំពេញ)៖ រថយន្តដឹក Gas LPG ប្រភេទសណ្តោងមួយគ្រឿង សង្ស័យអ្នកបើកបរងងុយដេក បានរ៉េចង្កូតទៅបុករបាំងថ្មចែកទ្រូងផ្លូវ បាក់អស់ជាង២០កង់ និងជ្រុលទៅបុក ក្បាលបូមទឹកដែលដាក់តាមផ្លូវ សម្រាប់រថយន្តពន្លត់អគ្គិភ័យថែមទៀត បណ្តាលឲ្យធ្លាយទឹកហូរពេញផ្លូវ។
ហេតុការណ៍នេះម៉ោង១២៖៤០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវមុនីវង្ស ក្បែរក្រុមហ៊ុន smart ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តដឹក GAS LPG មួយគ្រឿងក្បាលពណ៌បៃតង ពាក់ស្លាកលេខភ្នំពេញ 3D-2881 បើតាមបណ្តោយផ្លូវព្រះមុនីវង្ស ទិសពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបាន រ៉េចង្កូតមកឆ្វេងដៃ ទៅបុករបាំងថ្មពុះចែកទ្រូង បណ្តាលឲ្យបាក់អស់ជាង២០កង់ ហើយរថយន្តមិនទាន់អស់ល្បឿនបន្តទៅបុក ក្បាលរ៉ូបីណេបូមទឹក សម្រាប់រថយន្តពន្លត់អគ្គីភ័យ បណ្តាលឲ្យធ្លាយបាញ់ទឹកពេញផ្លូវ និងជ្រុលទៅបុកផ្ទប់ សួនផ្កាក្រុមហ៊ុន SiNo បណ្តាលឲ្យរថយន្តរងការខូតខាត ទៅមុខលែងរួច។
បន្ទាប់មកអ្នកបើកបរបានរត់ចេញ ពីកន្លែងកើតហេតុបាត់ ដោយបន្សល់ទុករថយន្តតែប៉ុណ្ណោះ ។ ក្រោយមកសមត្ថកិច្ចបានទៅដល់ កន្លែងកើតហេតុ និងបានទាក់ទងទៅខាងអង្គអគ្គិភ័យ ឲ្យបិតទឹក និងខាងជំនាញចរាចរណ៍ក្រុង មកវាស់វែងយករថយន្ត ទៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីធ្វើការដោះស្រាយ៕