(បាត់ដំបង)៖ នាព្រឹកថ្ងៃអាទិត្យ ១០រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤  ខែឧសភា ឆ្នាំ២០២៣ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់៧០ យាងចូល ៧១ព្រះវស្សា។

ព្រះរាជពិធីថ្វាយព្រះពរនេះបានធ្វើឡើងនៅសាលាខេត្តបាត់ដំបង (អគារចាស់) ស្ថិតផ្លូវលេខ១ ក្នុងសង្កាត់ស្វាប៉ោ ក្រុងបាត់ដំបង ដោយមានអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំខេត្ត មានក្រុមប្រឹក្សាខេត្ត, គណៈអភិបាលខេត្ត, កងកម្លាំងប្រដាប់អាវុធ មកពីយោធភូមិភាគទី៥, ប្រតិបត្តិការសឹករងបាត់ដំបង, កងរាជអាវុធហត្ថខេត្ត, ស្នងការនគរបាលខេត្ត, រដ្ឋបាលក្រុង, ក្រុមប្រឹក្សាសង្កាត់,មន្រ្តីរាជការ មន្ទីរ អង្គភាព ជុំវិញខេត្ត, យុវជនកាយរិទ្ធ យុវជនកាបាទក្រហម និងប្រជាពលរដ្ឋចូលរួមផងដែរ។

បន្ទាប់ពីលោក សុខ លូ អភិបាលខេត្តបានឡើងអានព្រះសារទាំងស្រុងថ្វាយព្រះពរ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់៧០ យាងចូល ៧១ព្រះវស្សា។

ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាតលើកហត្ថប្រណមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក គុណបុណ្យព្រះ រតនត្រ័យកែវទាំងបី ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ តេជៈបារមី ព្រះឥន្ទ្រ ព្រះព្រហ្ម បុណ្យបារមី នៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរ គ្រប់ព្រះអង្គ សូមព្រះអង្គតាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំនូវព្រះសព្ទសាធុការពរជ័យគ្រប់ប្រការ ថ្វាយចំពោះព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គទ្រង់ប្រកបដោយព្រះបរមសុខគ្រប់ប្រការ និងគង់ប្រថាប់ក្នុងរាជសម្បត្តិប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះរាជសុខភាពបរិបូរណ៍ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សាដើម្បីគង់ជាម្លប់ដ៏ត្រជាក់ត្រជំុំ ដល់ប្រជានុរាស្រ្ដរបស់ព្រះអង្គជានិច្ចនិរន្តរ៍។

ជាកិច្ចបន្តថ្នាក់នាំបានថ្វាយកម្រងផ្កាក្នុងព្រះរាជពិធី និងធ្វើពិធីសាសនា ដោយមានព្រះសង្ឃសូត្រធម៌ថ្វាយព្រះពរ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតជាកិច្ចបង្ហើយផងដែរ៕